យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា លោកបូរ៉ាម្ចាស់ចម្ការទំពាំងបាយជូរ មួយកន្លែងក្នុងខេត្តកំពង់ស្ពឺ បានទទួលជោគជ័យក្នុងការដាំដំណាំប្រភេទនេះ ដោយទទួលបានទិន្នផលល្អ ជាពិសេស គឺអាចទាក់ទាញចិត្តភ្ញៀវទេសចរឱ្យចូលទៅលេងកម្សាន្តជារៀងរាល់ថ្ងៃ ខណៈដែលបច្ចុប្បនុ្ន ដំណាំទំពាំងបាយជូរ កំពុងមានតម្រូវការទីផ្សារសម្រាប់អ្នកបរិភោគនិងលក់បន្ត។
លោក បូរ៉ា ម្ចាស់ចម្ការទំពាំងបាយជូរ រ៉ានីតា ស្ថិតនៅក្នុងភូមិទឹកល្អក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកបានចាប់ យករបរដាំផ្លែទំពាំងបាយជូរ អស់រយៈពេលជាង ៧ឆ្នាំមកហើយ ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់ក្នុងខេត្ត និងនាំចេញទៅលក់នៅតាម រាជធានី និង ខេត្តផ្សេងៗទៀត ។
លោកបន្តថា សម្រាប់ចម្ការទំពាំងបាយជូរ រ៉ានីតានេះគឺ មានភ្ញៀវទេសចរជាច្រើនបានចូលទៅលេងកម្សាន្តជាហូរហែ ដើម្បីទៅទស្សនា ក៏ដូចជាថតរូបលេងកម្សាន្ត និងបេះទំពាំងបាយជូរដោយខ្លួនឯងផ្ទាល់ សម្រាប់បរិភោគ។ ក្នុងនោះដែរ លោកបានប្រាប់ពីបច្ចេកទេស ក្នុងការដាំទំពាំងបាយជូរ ឱ្យទទួលបានផលល្អ ដោយជាដំបូងត្រូវសិក្សាលើផ្ទៃដី ហើយពិសោធន៍ជាមុនសិន បន្ទាប់មកត្រូវជ្រើសរើស ប្រភេទពូជ ត្រូវតប្រព័ន្ធទឹកឱ្យត្រូវតាមបច្ចេកទេស និងពេលដាំលាស់ស្លឹកត្រូវកាត់ត្រួយ ដើម្បីឱ្យឆាប់ចេញផ្កាទទួលបានផលលឿន ។
លោកបានបន្ថែមថា ក្នុងមួយឆ្នាំចម្ការទំពាំងបាយជូររបស់លោកអាចប្រមូលផលបាន ៣ដង ហើយទំពាំងបាយជូរដែលលោកដាំ មានរស់ជាតិ ផ្អែមឆ្ងាញ់ ជាប្រភេទទំពាំងបាយជូរ៣ខែទុំ ដែលមិនមានប្រើប្រាស់ជីគីមីអ្វីទេ ជាពិសេសវាគឺជាប្រភេទដំណាំផ្លែឈើ ដែលមានអត្ថប្រយោជន៍ ច្រើនចំពោះសុខភាពមនុស្ស ពីព្រោះទំពាំងបាយជូរបានជួយព្យាបាលជំងឺហឺត ជួយកាត់បន្ថយជំងឺបេះដូង ជួយកាត់បន្ថយការឈឺក្បាលប្រកាំង ជួយកាត់បន្ថយការទល់លាមក ។ និយាយទៅនៅស្រុកយើងនេះគេគាំទ្រខ្លាំង ជាទូទៅមនុស្សចង់មកលេង ខ្ញុំមិនយកថ្លៃគេចូលមកលេងទេ ខ្ញុំបើកចំហឱ្យគេមកលេង ព្រោះអីគេគាំទ្រខ្លាំង គេចូលចិត្តមកថតលេង ហើយស្រាគេចូលចិត្តហូប ជាពិសេសខ្មែរយើងគាត់គាំទ្រណាស់នៅដំណាំទំពាំងបាយជូរយើង និង បានមកលេងចឹងគាត់សប្បាយចិត្តណាស់ ខ្ញុំមិនទាន់ចង់បានអីទេ យើងកំពុងតែអភិវឌ្ឍន៍ចឹងខ្ញុំមិនទាន់យកតម្លៃសេវាអីទេ ឱ្យតែគាត់បានមកលេង។
លោកបានអំពាវនាវ ដល់ប្រជាពលរដ្ឋឱ្យចូលរួមជួយគាំទ្រផលិតផលខ្មែរ ដែលកសិករខ្មែរយើងខិតខំប្រឹងប្រែងដាំ ជាជាងគាំទ្រផលិតផល នាំចូល ដោយសារតែបច្ចុប្បន្ននេះ ប្រជាកសិករខ្មែរយើងគឺមានការយល់ដឹងច្បាស់ពីរបៀបថែទាំ និងវេចខ្ចប់ឱ្យបានត្រឹមត្រូវ តាមស្តង់ដារ បច្ចេកទេស មានអនាម័យល្អ មានសុវត្ថិភាព។ សូមបញ្ជាក់ថា ចម្ការទំពាំងបាយជូរ រ៉ានីតានេះ បង្កើតតាំងពីឆ្នាំ ២០១៥ លើផ្ទៃដី១៣ហិកតា មានសមាជិកជំនាញ១២នាក់ ក្នុងនោះមាន ដាំទំពាំងបាយជូរ ដូចជា៖ ទំពាំងបាយជូរអាមេរិក ទំពាំងបាយជូរបារាំង ទំពាំងបាយជូរឥណ្ឌា និងទំពាំងបាយជូរវៀតណាម ៕





ប្រភព៖ ក្រសួងព័ត៌មាន


