យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា សេវាកម្មរបស់ក្រុមហ៊ុន Amazon ដែលជារបស់មហាសេដ្ឋី jeff bezos ជាច្រើនរួមទាំង Prime Video គេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិក និងកម្មវិធីដែលប្រើ Amazon Web Services (AWS) បានដាច់ចរន្ត ដែលធ្វើឱ្យក្រុមហ៊ុន បាត់បង់អ្នកប្រើប្រាស់រាប់ពាន់នាក់នៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញនេះ។
តាមសារព័ត៌មានដដែល ក្រុមហ៊ុន Amazon បាននិយាយថា ការដាច់ចរន្តនេះទំនងជាដោយសារតែបញ្ហាទាក់ទងនឹងចំណុចប្រទាក់កម្មវិធី (application programming interface) ហៅកាត់ថា (API) ដែលជាសំណុំនៃពិធីការសម្រាប់ការសាងសង់ និងការរួមបញ្ចូល software របស់កម្មវិធី (application)។
ជាមួយគ្នានេះដែរ ឧបករណ៍ចាប់សញ្ញាបានបង្ហាញថា មនុស្សជាង ២៤,០០០នាក់ បានរាយការណ៍ពីបញ្ហារបស់ក្រុមហ៊ុន Amazon។ ហើយការដាច់ចរន្តនេះ អាចនឹងប៉ះពាល់ដល់អ្នកប្រើប្រាស់មួយចំនួនធំ។ គួរបញ្ជាក់ផងដែរថា កាលពីខែកក្កដា ក្រុមហ៊ុន Amazon បានជួបប្រទះការរំខាននៅក្នុងសេវាកម្មហាងអនឡាញរបស់ខ្លួនម្ដងរួចមកហើយ ដែលមានរយៈពេលជិតពីរម៉ោង និងប៉ះពាល់ដល់អ្នកប្រើប្រាស់ជាង ៣៨,០០០ នាក់៕


អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia


