Ford ក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយរបស់ពិភពលោក វិនិយោគ ៩០០ លានដុល្លារនៅប្រទេសជិតខាងកម្ពុជាមួយនេះ
អាជីវកម្ម December 8, 2021 Khmernote

ក្រុមហ៊ុន Ford Motor Co ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយរបស់ពិភពលោកបាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងវិនិយោគ ៩០០ លានដុល្លារ ដើម្បីធ្វើទំនើបកម្មរោងចក្ររបស់ខ្លួននៅក្នុងប្រទេសថៃ ដែលគាំទ្រដល់ការផលិតរថយន្ត Ranger Pickup និង Everest SUV របស់ខ្លួន ដែលនេះនឹងក្លាយជាការវិនិយោគដ៏ធំបំផុតរបស់ក្រុមហ៊ុននៅក្នុងប្រទេស។

ក្រុមហ៊ុន Ford បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវិនិយោគនេះនឹងធ្វើឡើងតាមរយៈរោងចក្រផលិតផ្ទាល់ខ្លួនរបស់ខ្លួន និងក្រុមហ៊ុន AutoAlliance Thailand ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Mazda Corporation របស់ប្រទេសជប៉ុន។ ក្រុមហ៊ុនផលិតរថយន្តបានបន្ថែមថា ការពង្រីកនេះនឹងបន្ថែមការងារថ្មីប្រហែល ១,២៥០ នៅរោងចក្ររបស់ក្រុមហ៊ុន Ford ហើយប្រហែល ៤០០លានដុល្លារ នៃការវិនិយោគនឹងឆ្ពោះទៅរកបណ្តាញខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន។

គួរឱ្យដឹងថា ប្រទេសថៃ គឺជាមជ្ឈមណ្ឌលដំឡើង និងនាំចេញរថយន្តធំជាងគេទីបួនរបស់អាស៊ី ដែលមានក្រុមហ៊ុនផលិតរថយន្តធំៗមួយចំនួនរបស់ពិភពលោកដូចជា Toyota និង Honda ជាដើម។ ឧស្សាហកម្មនេះមានប្រហែល ១០% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថៃ និងការងារផលិតកម្ម៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost