ធានាគារជាតិនៃកម្ពុជា សម្រេចបញ្ឈប់ការផ្តល់អាជ្ញាបណ្ណថ្មីសម្រាប់ប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ចាប់ពីថ្ងៃនេះតទៅ
អាជីវកម្ម December 8, 2021 Khmernote

ធានាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ការបញ្ឈប់ការផ្តល់អាជ្ញាបណ្ណថ្មីសម្រាប់ប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ។ ការបញ្ឈប់ការផ្ដល់អាជ្ញាបណ្ណថ្មីសម្រាប់ប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើនេះ នឹងអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ក្នុងគោលបំណង ពង្រឹងបន្ថែមទៀត នូវសមត្ថភាពរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក៏ដូចជាការត្រួតពិនិត្យ សំដៅរក្សាស្ថិរភាពហិរញ្ញវត្ថុ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ជាមួយគ្នានោះដែរ ធនាគារជាតិនៃកម្ពុជា ស្វាគមន៍វិនិយោគិន ចំពោះការចូលរួមវិនិយោគជាមួយគ្រឹះស្ថានធានាគារ និងហិរញ្ញវត្ថុដែលកំពុងប្រកបអាជីវកម្ម និងលើកទឹកចិត្តចំពោះការច្របាច់បញ្ជូលគ្នារវាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលមានស្រាប់ ដើម្បីលើកកម្ពស់ការផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយគុណភាព ប្រសិទ្ធភាព និងមានតម្លៃសមរម្យសម្រាប់ក្រុមហ៊ុន សហគ្រាស និងសាធារណជន៕

អត្ថបទ៖ លីនី