ក្រសួងទេសចរណ៍ស្នើផ្អាកអាជីវកម្មទាំងនេះ និងការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ នៅទូទាំងរាជធានីខេត្ត១ថ្ងៃ ដើម្បីចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ
អាជីវកម្ម December 7, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រសួងទេសចរណ៍ស្នើផ្អាកអាជីវកម្ម ខារ៉ាអូខេ ក្លឹបកម្សាន្ត រង្គសាល ឌីស្កូតែក បៀរហ្គាឌិន និងការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ នៅទូទាំងរាជធានីខេត្ត១ថ្ងៃ ដើម្បីចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ។

ដើម្បីចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ប្រធានក្រុមឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អតីតនាយករដ្ឋមន្ត្រីទី១ និងជាអតីតប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គមានគុណបំណាច់ដ៏ធំធេងចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ហើយព្រះអង្គបានយាងចូលព្រះទីវង្គត នៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩និង៤០នាទីព្រឹក នៅប្រទេសបារាំង ត្រូវនឹងម៉ោង៣និង៤០នាទីរសៀល ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ដោយព្រះរោគាពាធ ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា និងដោយរាជរដ្ឋាភិបាលបានប្រកាសយកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ជាថ្ងៃកាន់ទុក្ខជាផ្លូវការ។

ក្រសួងទេសចរណ៍សូមធ្វើការណែនាំដូចខាងក្រោម៖

១- ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ត រង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិន នៅទូទាំងរាជធានីខេត្ត ត្រូវផ្អាកសកម្មភាពអាជីវកម្មរយៈពេល ១ថ្ងៃ គឺនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១។

២- ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្ម ភោជនីដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ត្រូវផ្អាកសកម្មភាពលក់គ្រឿងស្រវឹង។

៣- ប្រធានមន្ទីរទេសចរណ៍រាជធានីខេត្ត ត្រូវចុះធ្វើការផ្សព្វផ្សាយ និងអប់រំណែនាំដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្ម ទេសចរណ៍ខាងលើឲ្យអនុវត្តការផ្អាកអាជីវកម្មតាមសារាចរណែនាំនេះអោយមានប្រសិទ្ធភាព និងមានការទទួលខុសត្រូវខ្ពស់៕

ប្រភព៖ ក្រសួងព័ត៌មាន