យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា មៀនប៉ៃលិន និងត្រីប្រារបស់កម្ពុជា នឹងមានទីផ្សារល្អប្រសើរ ខណៈដែលប្រទេសចិនបានសម្រេចផ្តល់ការត្រួតពិនិត្យតាមប្រព័ន្ធអនឡាញ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានស្នើសុំ នាយករដ្ឋមន្ត្រីចិន កាលពីពេលថ្មីៗ ក្នុងការពន្លឿនការនាំចូលផ្លែមៀនប៉ៃលិនទៅកាន់ប្រទេសចិន។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង តម្លៃជិត១០០លានដុល្លារ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា កាលពីពេលថ្មីៗកន្លងទៅ សម្តេចតេជោ មានជំនួបពិភាក្សាការងារសំខាន់ៗមួយចំនួន ជាមួយឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ដោយសម្តេចតេជោ បានស្នើសុំពន្លឿនការនាំចូលផ្លែមៀនប៉ៃលិនទៅកាន់ប្រទេសចិន ហើយភាគីចិន ក៏បានសម្រេចផ្តល់ការត្រួតពិនិត្យលក្ខខណ្ឌតម្រូវភូតគាមអនាម័យ តាមប្រព័ន្ធអនឡាញ លើផលិតផលមៀនប៉ៃលិននិងត្រីប្រារបស់កម្ពុជា ដែលនេះគឺជាសមិទ្ធផលដ៏ធំ ។
សមេ្តចតេជោបន្តថា សម្រាប់ការត្រួតពិនិត្យតាមប្រព័ន្ធអនឡាញនេះ គឺត្រូវមានភាពច្បាស់លាស់ ត្រឹមត្រូវ និងធានាគុណភាពតាមស្តង់ដារបច្ចេកទេសដែលបានដាក់ ចេញដោយប្រទេសចិន ដោយមិនអាចនាំចូលទាំងមេរោគនោះឡើយ ។ សម្តេចតេជោ សង្ឃឹមថា នឹងឃើញវត្តមានម្ហូបអាហារធ្វើពីត្រីប្រាខ្មែរនៅលើតុអាហាររបស់ប្រជាជនចិន នាពេលដ៏ខ្លីខាងមុខនេះ ដែលបានផ្តល់ឱកាសកាន់តែច្រើនសម្រាប់អ្នកចិញ្ចឹមត្រីប្រា ក្នុងការបង្កើនការចិញ្ចឹម ក៏ដូចជាបង្កើនប្រាក់ចំណូលក្នុងគ្រួសារបន្ថែមទៀត ។
សម្លេង៖ « ខ្ញុំបានស្នើឱ្យមិត្តចិនផ្ដល់អាទិភាពទៅលើការ ទិញផលិតផលកសិកម្មរបស់កម្ពុជា ក្នុងនោះអាទិភាពទៅ លើផ្លែមៀន ក្រៅពីអ្វីដែលបានធ្វើរួចហើយ គឺអាទិភាពទៅ លើផ្លែមៀនគឺពិភាក្សាជាកញ្ចប់ទៅលើផលិតផលរបស់កម្ពុជា ចម្លើយដែលយើងបានមកនេះច្រើនជាងអ្វីដែលយើងបានសុំពេលនោះ គឺយើងសូមអាទិភាពតែមៀនទេ តែឥឡូវ នេះគាត់ផ្ដល់ការត្រួតពិនិត្យតាមអនឡាញ តាមប្រព័ន្ធវីដេអូ សំរាប់ផ្លែមៀនផងនិងសម្រាប់ត្រីប្រាផង ហើយត្រី ប្រានេះបើនិយាយឱ្យពិតនោះ គឺនៅកម្ពុជាសម្បូរត្រីប្រា បើសិនជាមានទីផ្សារចិនដ៏ធំមួយនោះ នឹងជំរុញឱ្យមានការលើកទឹកចិត្តចិញ្ចឹមត្រីប្រាក្នុងប្រទេស រួចហើយដឹកជញ្ជូនទៅកាន់ប្រទេសចិន វាបង្កើតបាននូវប្រាក់ចំណូលសម្រាប់ប្រជាកសិករចិញ្ចឹមត្រី » ៕



ប្រភព៖ ក្រសួងព័ត៌មាន


