យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យបើកក្លិបអាជីវកម្មហាត់ប្រាណ សកម្មភាពហាត់ប្រាណតាមទីធ្លាសាធារណៈ ការហ្វឹកហាត់ និងប្រកួតកីឡាឡើងវិញ ដោយត្រូវគោរពគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP)។
យោងតាមសេចក្តីជូន ដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ អនុញ្ញាតឱ្យបើកក្លិបអាជីវកម្មហាត់ប្រាណ សកម្មភាពហាត់ប្រាណតាមទីធ្លាសាធារណៈ ការហ្វឹកហាត់ និងការប្រកួតកីឡាឡើងវិញ ដោយត្រូវគោរពគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) និងវិធានការនានារបស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់ ដើម្បីធានាបាននូវសុវត្ថិភាព និងសុខភាព គឺ៖ទី១. ទីកន្លែងហាត់ប្រាណ ហ្វឹកហាត់ និងការប្រកួតកីឡា ត្រូវពិនិត្យលើលទ្ធភាពផ្ទុកចំនួនអ្នកចូលរួម ឱ្យស្របទៅ តាមវិធានការសុខាភិបាល ការរក្សាគម្លាត បាញ់ថ្នាំសម្លាប់មេរោគ និងធ្វើអនាម័យជាប្រចាំ ជាពិសេសបន្ទប់ទឹក និងកន្លែងដែលមានអ្នកប៉ះ ពាល់ច្រើន។ ២. ទីកន្លែងហាត់ប្រាណ ហ្វឹកហាត់ និងការប្រកួតកីឡា ត្រូវមានឧបករណ៍ចាំបាច់ទាំងឡាយដែលបម្រើឱ្យវិធានការការពារជំងឺកូវីដ-១៩ ដូចជាអាល់ កុល សាប៊ូលាងដៃ ម៉ាស់ ម៉ាស៊ីនវាស់កម្ដៅ និងមានអ្នក ទទួលខុសត្រូវត្រួតពិនិត្យ វាស់កម្ដៅ បាញ់អាល់កុលនៅគ្រប់ច្រកចូល។ ៣. អនុញ្ញាតឱ្យអ្នកចូលទៅក្នុងក្លិបអាជីវ កម្មហាត់ប្រាណ និងទីលានហ្វឹកហាត់ ឬការប្រកួតកីឡា ចំពោះតែអ្នកបានចាក់វ៉ាក់ សាំងការពារជំងឺកូវីដ-១៩ ដូសមូលដ្ឋាន និងដូសជំរុញប៉ុណ្ណោះ និងទី៤. ត្រូវធានាថាកន្លែងហាត់ប្រាណ ហ្វឹកហាត់ និងប្រកួតកីឡាមិនមែនជាកន្លែងឆ្លងជំងឺកូវដ-១៩៕



ប្រភព៖ ក្រសួងព័ត៌មាន


