ទំនើបណាស់! ខ្សែសង្វាក់បឺហ្គឺដ៏ល្បីមួយនៅជប៉ុន ណែនាំឱ្យអតិថិជនប្រើបច្ចេកវិទ្យាស្កេនមុខ ដើម្បីទូទាត់ថ្លៃអាហារ
អាជីវកម្ម December 3, 2021 Khmernote

ដូចដែលយើងបានដឹងរួចទៅហើយប្រទេសជប៉ុន គឺជាប្រទេសមួយដែលខ្លាំងខាងផ្នែកបច្ចេកវិទ្យាជាពិសេសការផលិត និងកែច្នៃឧបករណ៍ផ្សេងៗដើម្បីជំនួសកម្លាំងមនុស្សដូចជា រ៉ូបូតជាដើម។ យ៉ាងណាមិញ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានឱ្យដឹងថា ខ្សែសង្វាក់បឺហ្គឺដ៏ល្បីមួយ បាននិងកំពុងណែនាំឱ្យអតិថិជនរបស់ពួកគេ ប្រើប្រាស់បច្ចេកវិទ្យាស្កេនមុខ ដើម្បីទូទាត់ប្រាក់ថ្លៃអាហារ។

តាមសារព័ត៌មានដដែល ហាង First Kitchen កំពុងណែនាំប្រព័ន្ធទូទាត់ដោយស្វ័យប្រវត្តិដោយប្រើបច្ចេកវិទ្យាសម្គាល់មុខ។​ ប្រព័ន្ធ​នេះ​នឹង​អាច​ប្រើ​បាន​ចាប់​ពី​ថ្ងៃ​ទី១៥ ខែ​ធ្នូ នៅ​ហាង​ចំនួន​បី​របស់ First Kitchen ក្នុង​ទីក្រុង​តូក្យូ។ ដើម្បីអាចប្រើប្រាស់ប្រព័ន្ធនេះបាន ដអតិថិជនត្រូវបង្ហោះរូបថតមុខរបស់ពួកគេទៅកាន់គេហទំព័រអនឡាញរបស់ First Kitchen ហើយចុះឈ្មោះព័ត៌មានកាតឥណទានរបស់ពួកគេ តាមរយៈស្មាតហ្វូន។ ប្រតិបត្តិករនៃប្រព័ន្ធនេះនិយាយថា៖ « អត្ថប្រយោជន៍របស់ប្រព័ន្ធនេះរួមមាន រយៈពេលរង់ចាំខ្លីជាងមុន និងកាត់បន្ថយឱកាសនៃការចម្លងវីរុសនេះ។

យ៉ាងណាមិញក្រោយពីបង្កើតប្រព័ន្ធនេះរួច នៅពេលពួកគេទៅហាងណាមួយរបស់ First Kitchen ពួកគេនឹងត្រូវធ្វើការកម្មង់នៅលើឧបករណ៍នៅបញ្ជរដោយមិនប្រើមនុស្ស ហើយកាមេរ៉ានឹងស្កេនមុខរបស់អតិថិជន ហើយកាតឥណទានរបស់ពួកគេនឹងត្រូវបានគិតប្រាក់ដោយស្វ័យប្រវត្តិ៕

អត្ថបទ៖ លីនី
ប្រភព៖ nhk