ឱកាសល្អ! ក្រសួងទេសចរណ៍ ប្រកាសជ្រើសរើសសិក្ខាម ១០០នាក់រៀនជំនាញឆុងការហ្វេឥតគិតថ្លៃ
អាជីវកម្ម December 1, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍បានឱ្យដឹងថា គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ និងខេត្តរតនគិរី ក្រោមកិច្ចសហការជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) នៃអង្គការស្វីសខន់ថាក់ (SwissContact) សូមប្រកាសជ្រើសរើសសិក្ខាកាមចំនួន ១០០រូប ដើម្បីចូលសិក្សាវគ្គបណ្តុះបណ្តាលខ្លីឥតគិតថ្លៃជំនាញឆុងកាហ្វេ កម្រិតមូលដ្ឋាន (Basic Barista Skills) ដែលនឹងប្រព្រឹត្តទៅអំឡុងខែធ្នូ ឆ្នាំ២០២១ តទៅ។

លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ នៃក្រសួងទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានថ្លែងឱ្យដឹងថា វគ្គបណ្តុះបណ្តាលកម្រិតមូលដ្ឋានផ្តោតលើការសិក្សាទ្រឹស្តី និងអនុវត្តផ្ទាល់ជាមួយគ្រូបង្គោលអាស៊ានលើជំនាញសំខាន់ៗរួមមាន៖

១៖ តួនាទីជាអ្នកឆុងកាហ្វេ
២៖ យល់ដឹងពីការប្រើប្រាស់សម្ភារៈឧបទ្ទេសសម្រាប់ជំនាញឆុងកាហ្វេ
៣៖ យល់ដឹងពីគ្រឿងផ្សំ ការថែទាំសម្ភារៈ និងម៉ាស៊ីនឆុងកាហ្វេ
៤៖ ប្រភព និងប្រភេទគ្រាប់កាហ្វេ
៥៖ ការអនុវត្តផ្ទាល់ជំនាញឆុងកាហ្វេ
៦៖ បញ្ជីរូបមន្តនៃការឆុងកាហ្វេ
៧៖ ដំណើរការបើក/បិទហាងកាហ្វេ។

សូមរំលឹកថា កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) គឺជាគម្រោងរបស់ ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC)។ កម្មវិធីអភិវឌ្ឍន៍ជំនាញ ដំណាក់កាលទី២ (២០២០-២០២៤) ត្រូវបានអនុវត្តដោយអង្គការស្វីសខន់ថាក់ក្នុងសម្ពន្ធជាមួយ INBAS និងសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងទេសចរណ៍។

បេក្ខជន និងបេក្ខនារីដែលមានចំណាប់អារម្មណ៍សូមចុះឈ្មោះចូលសិក្សាតាមរយៈ៖ https://ee.kobotoolbox.org/x/UlPiLaMD ឬទំនាក់ទំនងតាមលេខទូរស័ព្ទដូចមានភ្ជាប់ក្នុងសេចក្តីជូនដំណឹងខាងក្រោម៕

ប្រភព៖ ក្រសសួងទេសចរណ៍