ពូកែមែន! យុវតីខ្មែរមួយរូបដាក់ចិត្តដាក់កាយធ្វើរឿងមួយនេះបានដោយជោគជ័យ ដើម្បីជួយកាត់បន្ថយការចំណាយរបស់ប្រជាកសិករ
អាជីវកម្ម December 1, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា យុវតីខ្មែរមួយរូបមានគំនិតចង់លើកស្ទួយវិស័យកសិកម្មដោយច្នៃកាកសំណល់ផ្លែឈើ ផលិតចេញជាទឹកជីសម្រាប់ស្រោចស្រពដំណាំគ្រប់ប្រភេទ ដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាកសិករ ។ យុវតី បុត្រចាន់សេរីរត្ន ម្ចាស់សហគ្រាស ផលិតជីទឹកធម្មជាតិមួយកន្លែង ស្ថិតនៅរាជធានីភ្នំពេញ បានប្រាប់វិទ្យុជាតិកម្ពុជាថា កញ្ញាបានសិក្សាស្វែងយល់ពីបច្ចេកទេស ក្នុងការកែច្នៃកាកសំណល់ផ្លែឈើផលិតចេញជាទឹកជីនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ សម្រាប់ស្រោចស្រពដំណាំគ្រប់ប្រភេទ និងជាពិសេសគឺជួយកាត់បន្ថយការចំណាយថវិកាច្រើនរបស់ប្រជាកសិករ។

កញ្ញាបានបន្តថា សម្រាប់ទឹកជីធម្មជាតិដែលសហគ្រាសបានផលិតចេញ គឺច្នៃចេញពីកាកសំណល់ផ្លែឈើ និងវត្ថុធាតុ ដើមទាំងអស់ដែលមាននៅក្នុងស្រុក ដើម្បីយកមកកែច្នៃចេញជាទឹកជីធម្មជាតិសម្រាប់ស្រោចស្រពដំណាំ និងកែដីដែលខូចមិនមានជីវជាតិ ឬដីដែលមានជាតិពុល ។

កញ្ញាបានបន្ថែមទៀតថា សម្រាប់ទឹកជី ធម្មជាតិ ដែលសហគ្រាសផលិតទាំងអស់ គឺបានសិក្សានិងស្រាវជ្រាវច្បាស់លាស់ និងមានការចុះបញ្ជីការអនុញាតឱ្យប្រើ ប្រាស់ពីក្រសួងកសិកម្ម។ កញ្ញាបញ្ជាក់ថា ការសម្រេចបង្កើតសហគ្រាសនេះឡើងដោយសង្កេតឃើញតាមបណ្តាប្រទេសជឿនលឿនមួយចំនួន បានយកចិត្តទុកដាក់ខ្ពស់ ទៅលើការកែច្នៃកាកសំណល់ធម្មជាតិផ្សេងៗ ទៅជាផលិតផលធម្មជាតិជាច្រើនប្រភេទ ជាពិសេសដោយនៅពេលបច្ចុប្បន្ននេះមានកំណើនប្រជាកសិករជាច្រើនមានការចំណាយខ្ពស់ ទៅលើការប្រើប្រាស់ជី ឬថ្នាំបំប៉ន សម្រាប់ស្រោចស្រពដំណាំដែលនាំចូលពីក្រៅប្រទេស ទើបកញ្ញាបង្កើតវាឡើង ដើម្បីចូលរួមចំណែកក្នុងការកាត់ បន្ថយការចំណាយខ្ពស់របស់ប្រជាពលរដ្ឋ និងរួមចំណែកអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចកម្ពុជា ។

« គំនិតផ្ដួចផ្ដើមទី ១ យើងនឹងស្រឡាញ់ខាងផ្នែកកសិកម្ម ហើយ១ទៀតដោយគំនិតផ្ដួចផ្ដើម ពីខាងមន្ទី ខាងខេត្តយើងចុះរៀន ចឹងទៅគាត់ក៏បញ្ចេញគំនិតឱ្យយើងផលិតយកមកប្រើប្រាស់តែម្ដងទៅ»។

កញ្ញាបានអំពាវនាវ ដល់ប្រជាពលរដ្ឋឱ្យ ចូលរួមជួយគាំទ្រផលិតផលខ្មែរ ដែលខ្មែរ យើងផលិតបាន ដើម្បីជាការលើកទឹក ចិត្តដល់សហគ្រិនដ៏ទៃទៀត ឱ្យចូលរួមផលិតនិងកែច្នៃបន្ថែមទៀត ។ សូមបញ្ជាក់ថា សហគ្រាស ផលិតទឹកជីធម្មជាតិ បានបង្កើតឡើងដោយជោគ ជ័យនៅឆ្នាំ២០១៥ ដែលបច្ចុប្បន្នស្ថិតនៅ ឃុំព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

ប្រភព៖ ក្រសួងព័ត៌មាន