ត្រូវដឹង! អាជីវកម្ម ខារ៉ាអូខេ រង្គសាល និងឌីស្កូតែកដែលបើកឡើងវិញ តែមិនគោរពវិធានការទាំងនេះ នឹងត្រូវដកហូតអាជ្ញាបណ្ណ ឬបិទទីតាំងទាំងស្រុង
អាជីវកម្ម November 30, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញប្រកាសសម្រេចឲ្យបើកដំណើរការឡើងវិញចំពោះអាជីវកម្ម ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ តាមគន្លងប្រក្រតីភាពថ្មី។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ អាជីវកម្ម ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ត្រូវបានអនុញ្ញាតឱ្យបើកឡើងវិញ តែម្ចាស់ទីតាំង ឬ ម្ចាស់អាជីវកម្មខារ៉ាអូខេ និងឌីស្កូតែកចាំបាច់ត្រូវមានកាតព្វកិច្ចចាត់តាំងបុគ្គលិកប្រចាំការនៅមុខច្រកចេញ-ចូលទីតាំង ដើម្បីធ្វើការត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំង ស្របតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ និងត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ ការពារ និង ៣ កុំ» របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) របស់ក្រសួងទេសចរណ៍ គោលការណ៍ណែនាំរបស់ក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ និងវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ គឺ ការវាស់កម្ដៅ ការធ្វើអនាម័យ និងការបាញ់ថ្នាំសម្លាប់មេរោគ ជាដើម។

ជាមួយគ្នានេះ ក្នុងករណីរកឃើញម្ចាស់ទីតាំង ឬ ម្ចាស់អាជីវកម្មខារ៉ាអូខេ រង្គសាល និងឌីស្កូតែកណាមួយ មិនអនុវត្ត ឬ អនុវត្តមិនបានត្រឹមត្រូវតាមការណែនាំនេះ ត្រូវចាត់វិធានការដកហូតអាជ្ញាបណ្ណលិខិតអនុញ្ញាត និងអាចឈានទៅបិទទីតាំងទាំងស្រុង។ ដោយឡែក ចំពោ៖ បុគ្គលល្មើសពាក់ព័ន្ធ ត្រូវអនុវត្តទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មច្បាប់ រួមទាំងការផ្សព្វផ្សាយជាសាធារណៈចំពោះរបុគ្គលល្មើស ស្របតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមានដោយគ្មានការលើកលែងឡើយ»៕

អត្ថបទ៖ លីនី