ធនាគារឌីជីថល DBS នៅសិង្ហបុរី ចេញសារសុំទោសអតិថិជន ចំពោះបញ្ហាជាប់គាំងដល់ទៅ ២ថ្ងៃ
អាជីវកម្ម November 26, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ channelnewsasia បានឱ្យដឹងថា កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញនេះ ធនាគារឌីជីថល DBS បានជូនដំណឹងពី សេវាធនាគារឌីជីថលរបស់ខ្លួនបានវិលត្រឡប់មកធម្មតាវិញហើយ បន្ទាប់ពីជួបបញ្ហា មិនអាចដំណើរការបានអស់រយៈពេល ២ថ្ងៃ។

ជាមួយគ្នានោះដែរ ប្រមុខនៃធនាគារក៏បានធ្វើការសុំទោស ចំពោះបញ្ហាដែលបានកើតមានឡើងដល់អ្នកអតិថិជនរបស់ខ្លួន ហើយបានធានាអះអាងថា ប្រព័ន្ធរបស់ខ្លួន “នៅតែមានសុវត្ថិភាព” ទាំងការដាក់ប្រាក់ និងប្រាក់របស់ពួកគេ ហើយបញ្ហាដែលកើតមានមិនមែនជាការវាយប្រហារតាមអ៉ឺនធឺណិតនោះទេ គឺទាក់ទងទៅនឹង SERVER ( ACCESS CONTROL SERVERS)។

បើតាមការឱ្យដឹងពីធនាគារ ភាពរអាក់រអួលនៃសេវាកម្មធនាគារឌីជីថល DBS និង POSB បានចាប់ផ្តើមកាលពីព្រឹកថ្ងៃអង្គារ ដោយអតិថិជនរាយការណ៍ ថាពួកគេមិនអាចចូលប្រើសេវាអនឡាញរបស់ធនាគារបានទេ។ ហើយបញ្ហានេះបានកើតឡើងម្តងទៀតនៅព្រឹកថ្ងៃពុធ បន្ទាប់ពីសេវាត្រូវបានស្ដារឡើងវិញ។ យ៉ាងណាមិញ បើទោះបីជា បញ្ហាត្រូវបានដោះស្រាយក៏ដោយក្ដី ក៏អាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) បាននិយាយថា ខ្លួននឹងពិចារណាលើ “សកម្មភាពត្រួតពិនិត្យ” បន្ទាប់ពីការស៊ើបអង្កេតរបស់ DBS លើការរំខាននេះ៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia