ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េ Samsung នឹងចំណាយថវិកា ១៧ពាន់លានដុល្លារសាងសង់រោងចក្រផលិតបន្ទះឈីប ថ្មីមួយនៅសហរដ្ឋអាមេរិក
អាជីវកម្ម November 24, 2021 Khmernote

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូង Samsung Electronics បាននិយាយថា ខ្លួននឹងសាងសង់រោងចក្រផលិតបន្ទះឈីប ថ្មីមួយនៅសហរដ្ឋអាមេរិក ចំពេលមានការខ្វះខាតជាសកលនៃបន្ទះឈីបកុំព្យូទ័រ។ ក្រុមហ៊ុនលំដាប់អន្តរជាតិមួយនេះ បានប្រកាសកាលពីថ្ងៃពុធថា ខ្លួននឹងវិនិយោគទឹកប្រាក់ប្រមាណ ១៧ពាន់លានដុល្លារនៅក្នុងរោងចក្រ ដែលនឹងជំរុញការផលិតឧបករណ៍អេឡិចត្រូនិកកម្រិតខ្ពស់ ដោយរោងចក្រថ្មីនេះ នឹងមានទីតាំងនៅ Taylor រដ្ឋ Texas។

ការសាងសង់នឹងចាប់ផ្ដើម​នៅ​ឆមាស​ទី​មួយ​ឆ្នាំ​ក្រោយ ដោយ​មាន​គោល​បំណង​ចាប់​ផ្តើម​ផលិត​កម្ម​នៅ​ពាក់​កណ្តាល​ចុង​ឆ្នាំ​ ២០២៤។ រោងចក្របន្ទះឈីបថ្មីនេះ នឹងក្លាយជាកន្លែងទីពីររបស់ក្រុមហ៊ុន Samsung នៅសហរដ្ឋអាមេរិក ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បង្កើត​ការងារ​ប្រហែល​ ២០០០ កន្លែង​សម្រាប់​កម្មករ​ដែល​មាន​ជំនាញបច្ចេកវិទ្យា​ខ្ពស់។

លោក Kim Ki-nam អនុប្រធាន Samsung បាននិយាយថា៖ ជាមួយនឹងសមត្ថភាពផលិតកាន់តែច្រើន យើងនឹងអាចបម្រើតម្រូវការរបស់អតិថិជនបានកាន់តែប្រសើរឡើង និងរួមចំណែកដល់ស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបសកលលោក »។

យ៉ាងណាមិញរដ្ឋបាល Biden បានស្វាគមន៍ចំពោះផែនការនេះ ដោយប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាទីប្រឹក្សាសន្តិសុខជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រោងចក្រថ្មីនេះនឹងជួយការពារខ្សែសង្វាក់ផ្គត់ផ្គង់របស់សហរដ្ឋអាមេរិក និងធ្វើឱ្យប្រាកដថាប្រទេសនេះនឹងមិនប្រឈមមុខនឹងការខ្វះខាតឈីបម្តងទៀតឡើយ៕

អត្ថបទ៖ លីនី
ប្រភព៖ nhk