ប្រពៃណាស់! ខ្មែរជួយខ្មែរ ផលិតផលកែច្នៃពីផ្លែឈើស្រស់ របស់កម្ពុជា កំពុងមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋនៅក្នុងស្រុក !
អាជីវកម្ម November 23, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ផលិតផលកែឆ្នៃដែលផលិតចេញពីផ្លែឈើស្រស់ របស់ប្រជាកសិករខ្មែរ មានដូចជា ផ្លែមៀនប៉ៃលិន ផ្លែស្វាយ ផ្លែម្នាស់ និងផ្លែឈើផ្សេងៗ ជាច្រើនមុខទៀត ត្រូវបានទទួលស្គាល់ និងមានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរ ព្រោះការកែច្នៃផ្លែឈើនេះ ជួយសម្រួលដល់ការកកស្ទះលើទីផ្សាររបស់ប្រជាកសិករ នៅក្នុងអំឡុងពេលវិបត្ដិជំងឺកូវីដ-១៩។

បើតាមលោក ស៊ុ សុវង្ស អគ្គនាយកក្រុមហ៊ុនវេហាស៍ជូស៍ សាខាខេត្ដសៀមរាប បានឱ្យដឹងនៅថ្ងៃទី២២ ខែវិច្ឆិកានេះថា បច្ចុប្បន្នផលិតផលកែច្នៃពីផ្លែឈើស្រស់ ដែលកំពុងមានការគាំទ្រមាន ២ប្រភេទស្មើនឹង ៤មុខ ដូចជាដំណាប់ស្រស់ មានផ្លែមៀនច្រកកែវ និងផ្លែម្នាស់ច្រកកែវ ចំណែកដំណាប់គ្រៀម មានដំណាប់មៀន និងដំណាប់ស្វាយជាកញ្ចប់។ ផ្លែឈើដែលកែច្នៃទាំងនោះ ត្រូវបានទទួលប្រមូលទិញពីប្រជាកសិករដែលពួកគាត់ធ្វើកសិកម្មផ្ទាល់ ដូចជានៅខេត្ដប៉ៃលិន ខេត្ដបាត់ដំបង ខេត្ដបន្ទាយមានជ័យ ជាពិសេសផ្លែតាង៉ែនដែលជាផ្លែឈើខ្វះទីផ្សារក្នុងអំឡុងពេលមានបញ្ហាជំងឺកូវីដ-១៩ កន្លងមក។

លោក ស៊ុ សុវង្ស បានបន្ថែមថា ការផលិតកែច្នៃផ្លែឈើនេះ គឺផលិតចេញដោយសហគ្រាសដែលមានជំនួយពីអង្គការ មានគុណភាព សុវត្តិភាព តាមស្តង់ដា ជាពិសេសមានលក់នៅក្នុងផ្សារទំនើប និងព្រមទាំងមានគម្រោងផ្សារភ្ជាប់ទៅទីផ្សារក្រៅប្រទេសទៀតផង។ ការកែច្នៃផលិតផលផ្លែឈើនេះ បានធ្វើឱ្យប្រជាកសិករ មានការងារធ្វើ ជាពិសេសផលិតផលផ្លែឈើមានទីផ្សារ ដើម្បីកាត់បន្ថយការធ្វើចំណាកស្រុករបស់ប្រជាកសិករ និងជួយរកទីផ្សារដល់ប្រជាកសិករផងដែរ។

ជាមួយគ្នានោះដែរ កញ្ញា សំ ឆៃវ៉ុង តំណាងចែកចាយនៅខេត្ដសៀមាប បានឱ្យដឹងថា ដំណាប់ផ្លែឈើទាំងបួនមុខរបស់ក្រុមហ៊ុនវេហាស៍ជូស៍ មកដល់ថ្ងៃនេះ មានការគាំទ្រច្រើនពីអតិថិជនប្រើប្រាស់នៅក្នុងស្រុក ដូចជានៅខេត្ដបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន សៀមរាប និងឧត្ដរមានជ័យ ទើបធ្វើឱ្យកញ្ញាទទួលផ្ដាច់មុខ លក់បន្ដនៅក្នុងខេត្ដទាំងនោះ។ កញ្ញាបន្ដថា រូបនាងបានទទួលយកផលិតកែច្នៃនេះ ដើម្បីលើកទឹកចិត្ដដល់ផលិតផលខ្មែរ ដែលបានខិតខំផលិតជាស្នារដៃរបស់ខ្លួន និងបានចូលរួមជួយរកទីផ្សារផ្លែឈើ ដែលកំពុងខ្វះទីផ្សារបស់ពួកគាត់។ កន្លងមកនេះ ផលិតផលផ្លែឈើហូបផ្លែ ដូចជាផ្លែមៀនប៉ៃលិន ផ្លែមៀន ផ្លែស្វាយ មានការខ្វះទីផ្សារនាំចេញទៅក្រៅប្រទេស ដោយសារបញ្ញាជំងឺកូវីដ-១៩ ប៉ុន្ដែនៅពេលមានសហគ្រាសផលិតកែច្នៃទៅជាដំណាប់ផ្លែឈើវិញនោះ គឺធ្វើឱ្យកសិករមានទឹកចិត្ដ ក្នុងការដាំដំណាំហូបផ្លែទាំងនោះ។

សូមជម្រាបថា ក្រុមហ៊ុនកែច្នៃផ្លែឈើស្រស់វេហាស៍ជូស៍នេះ បានបង្កើតឡើងនៅឆ្នាំ២០១៩ ដោយបានមូលនិធិ ពីUSAID ហើយគម្រោងធ្វើការលើ អ្នកប្រមូលទិញ ជាពិសេសជាមួយ សហគ្រាសខ្នាតតូច និងមធ្យម ធ្វើយ៉ាងណា ពួកគេមានលទ្ធភាព ក្នុងការផលិត និងផ្សារភ្ជាប់ជាមួយទីផ្សារ គម្រោងមានសកម្មភាព ដូចជាបណ្តុះបណ្តាលជំនាញកែឆ្នៃផលិតផល ដែលចេញពីផ្លែឈើស្រស់ដល់កសិករ ដូចជា មៀនប៉ៃលិន ស្វាយ ម្នាស់ និងផ្លែឈើផ្សេងទៀត៕

ប្រភព៖ ក្រសួងព័ត៌មាន