ក្រុមហ៊ុនផលិតរថយន្តដ៏ល្បី Honda កំពុងពិចារណាសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនី (EV) នៅក្នុងប្រទេសថៃ
អាជីវកម្ម November 22, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា ក្រុមហ៊ុន Honda Automobile (Thailand) កំពុងពិចារណាសាងសង់រោងចក្រអាគុយរថយន្តអគ្គិសនី (EV) នៅក្នុងប្រទេសថៃ ដើម្បីបម្រើដល់ឧស្សាហកម្មរថយន្តអគ្គិសនី ដែលកំពុងរីកចម្រើន។

បើតាមសារព័ត៌មានដដែល ក្រុមហ៊ុនកំពុងធ្វើការសិក្សាអំពីលទ្ធភាពមួយទៅលើគំនិតដែលនឹងកាត់បន្ថយការនាំចូលថ្មពីប្រទេសជប៉ុន ដោយការ​ប្រើ​ថ្ម​នាំ​ចូល​ដើម្បី​ដំឡើង​រថយន្ត​នៅ​ប្រទេស​ថៃ​នេះ នាំ​ឱ្យ​តម្លៃ​ផលិតកម្ម​ខ្ពស់​ជាង។ ប៉ុន្តែទោះជាយ៉ាងណាក្ដី ក្រុមហ៊ុនបានបដិសេធមិនបញ្ជាក់លម្អិតនោះទេ។

លោក Noriyuki Takakura ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Honda Automobile (Thailand) បាននិយាយថា ក្រុមហ៊ុនបានប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍបច្ចេកវិទ្យាថ្មី ដែលល្អសម្រាប់បរិស្ថាន ខណៈដែលខ្លួនបានចូលរួមកិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីត។

គួរឱ្យដឹងថា នៅក្នុងប្រទេសថៃ ក្រុមហ៊ុន Honda នឹងផ្តោតលើរថយន្តអគ្គិសនីកូនកាត់ (HEVs) និងរថយន្តអគ្គិសនីពីថ្ម (BEVs)។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ តម្រូវការសម្រាប់រថយន្តអគ្គិសនីពីថ្ម (BEVs) នឹងត្រូវការពេលវេលាដើម្បីឱ្យមានកើនឡើង៕

Audi Brussels, battery assembly: Final acceptance of cell
module controller and cabling

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost