ក្រុមហ៊ុនអាកាសចរណ៍ Thai Airways International (THAI) ត្រូវបានគេឱ្យដឹងថា នឹងស្វែងរកប្រាក់កម្ចីចំនួន ២៥ ពាន់លានបាត (ប្រមាណ ៧៦២ លានដុល្លារ) ដើម្បីបង្កើនសាច់ប្រាក់ងាយស្រួលក្នុងផ្នែកហិរញ្ញវត្ថុរបស់ខ្លួន ខណៈដែលក្រុមហ៊ុនអាកាសចរណ៍នេះ ពង្រីកសេវាកម្មហោះហើរដឹកទំនិញរបស់ខ្លួនទៅកាន់ផ្លូវចំនួន ៣០បន្ថែមទៀតចាប់ពីពេលនេះរហូតដល់ខែមីនាឆ្នាំក្រោយ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Arkhom Termpittayapaisith បាននិយាយថា អ្នកគ្រប់គ្រងផែនការស្តារអាជីវកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍នាពេលថ្មីៗនេះ បានជួបជាមួយនាយករដ្ឋមន្ត្រី ប្រាយុធ ចានអូចា ដើម្បីរាយការណ៍អំពីផែនការនេះ ហើយនាយករដ្ឋមន្រ្តីទំនងជានឹងអនុម័តនៅផែនការនេះ។
លោក Arkhom បានបន្តថា ក្រសួងហិរញ្ញវត្ថុ ដែលជាម្ចាស់ភាគហ៊ុនមួយក្នុងចំណោមភាគទុនិករបស់ក្រុមហ៊ុនអាកាសចរណ៍បានយល់ស្របផែនការស្តារនីតិសម្បទាដែលត្រូវបានអនុម័តដោយតុលាការក្ស័យធនកណ្តាលកាលពីថ្ងៃទី១៥ ខែមិថុនា មានការរីកចម្រើនជាងការរំពឹងទុក។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនអាកាសចរណ៍ Thai Airways កាលពីខែមុនបានរាយការណ៍ពីប្រាក់ចំណេញរបស់ខ្លួនដែលកើតចេញពីប្រតិបត្តិការអាជីវកម្មរបស់ខ្លួន មិនមែនបានមកពីការលក់ទ្រព្យសម្បត្តិ។ ដូច្នេះក្រុមហ៊ុនអាកាសចរណ៍អាចត្រូវការប្រាក់កម្ចីត្រឹមតែ ២៥ពាន់លានបាត ដើម្បីបង្កើនសាច់ប្រាក់ងាយស្រួលហិរញ្ញវត្ថុរបស់ខ្លួន ជំនួសឱ្យការប៉ាន់ស្មានដំបូងចំនួន ៥០ពាន់លានបាត៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


