យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តឱ្យប្រជាកសិករប្រើ ប្រាស់បច្ចេកវិទ្យាថាមពលកកើតឡើងវិញ សម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្មនៅក្នុង ប្រទេសកម្ពុជា។ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសរសេរ លើបណ្តាញសង្គមនៅថ្ងៃទី១០ ខែវិច្ឆិកា យ៉ាងដូច្នេះថា ថាមពលកកើតឡើងវិញ គឺជា ថាមពលទាំងឡាយណា ដែលទាញយកបានពីធម្មជាតិអាចកកើតឡើងវិញជាប្រចាំដូចជា៖ ថាមពលបានពីពន្លឺព្រះអាទិត្យ កម្លាំងខ្យល់ កម្លាំងទឹកហូរ កម្លាំងរលកសមុទ្រ ជីវឥន្ធនៈ ជីវម៉ាស ជីវឧស្ម័ន និងកម្តៅផែនដី។ល។
ឯកឧត្តមបញ្ជាក់ថា «នៅកម្ពុជាយើង ថាមពលពន្លឺព្រះ អាទិត្យមានសក្តានុពល និងសមស្របបំផុតដែលអាចប្រើប្រាស់បានដោយចីរភាព និងប្រកបដោយសុវត្ថិភាពតាម រយៈការអភិវឌ្ឍបច្ចេកវិទ្យាសមស្របក្នុងការស្រូបយកថាមពលពីពន្លឺព្រះអាទិត្យ ដើម្បីផលិត អគ្គិសនីបម្រើក្នុងផលិតកម្មកសិកម្មតាមរយៈឧបករណ៍មួយចំនួនដូចជាផ្ទាំងសូឡា ឧបករណ៍ គ្រប់គ្រង និងត្រួតពិនិត្យអគ្គិសនី និងអាគុយសម្រាប់ផ្ទុកអគ្គិសនីជាដើម»។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ក្រោមក្របខ័ណ្ឌថវិកាហិរញ្ញប្បទានឥតសំណងពី មូលនិធិបរិស្ថានសកល (GEF) និងដោយមានកិច្ចសហការល្អជាមួយវិស័យឯកជន និងដៃគូ អភិវឌ្ឍន៍នានា បច្ចុប្បន្ននេះការផ្សព្វផ្សាយបច្ចេកវិទ្យាស្តីពីការប្រើថាមពលព្រះអាទិត្យ (Solar Technologies) ក្នុងវិស័យកសិកម្ម និងវិស័យផ្សេងៗទៀតមានលក្ខណៈទូលាយនៅ ទូទាំងប្រទេស ហើយបាននិង កំពុងចាប់អារម្មណ៍យកទៅប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
ឯកឧត្តមបានបន្តថា ដោយយល់ច្បាស់ពីតម្រូវការនេះ នាយកដ្ឋានវិស្វកម្មកសិកម្មនៃ អគ្គនាយកដ្ឋានកសិកម្ម សូមលើកមកបង្ហាញជូននូវឧបករណ៍កសិកម្មប្រើថាមពលព្រះ អាទិត្យមួយចំនួនដែលមានសក្ដានុពលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ មានប្រសិទ្ធភាព រួមចំណែកកាត់បន្ថយថ្លៃដើមក្នុងការផលិត និងកាត់បន្ថយការសាយភាយឧស្ម័នផ្ទះកញ្ចក់ ទៅក្នុងបរិយាកាស និងជាពិសេសចូលរួមកាត់បន្ថយការចំណាយលើការ ប្រើប្រាស់ ថាមពលប្រេងឥន្ធនៈ និងធ្យូងថ្ម ដែលគ្មាននិរន្តរភាព និងសុវត្ថិភាព។
ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងពីឧបករណ៍ដែលប្រើថាមពល កកើតឡើងវិញរួមមាន៖ ទី១. ម៉ូទ័របូមទឹកប្រើថាមពលព្រះអាទិត្យ (Solar Water Pump) សម្រាប់ស្រោចស្រពដំណាំជាលក្ខណ:គ្រួសារ។ ម៉ូទ័រនេះផ្តល់ផលប្រយោជន៍ដូចខាងក្រោម៖ ដំឡើងផ្ទាំងសូឡាទៅតាមកម្លាំងម៉ាស៊ីនបូមទឹកចាប់ពី ២-៥ ម៣/ម៉ោង។ អាចប្រើប្រាស់ បូមទឹកពីស្រះ អណ្តូង ឬប្រភពទឹកធម្មជាតិក្នុងជម្រៅចាប់ពី ១៥-២០ម៉ែត្រ។ ទាញយក ថាមពលព្រះអាទិត្យនៅពេលថ្ងៃសម្រាប់បូមទឹកមានអាយុកាលប្រើប្រាស់ចាប់ពី ១០-១៥ ឆ្នាំ និងកាត់បន្ថយការចំណាយជួសជុល និងថែទាំ។ មិនចំណាយថវិកាជាប្រចាំថ្ងៃ និងកាត់បន្ថយ កម្លាំងពលកម្ម។ ទី២. ទូភ្ញាស់ស៊ុតមាន់ប្រើថាមពលព្រះអាទិត្យ (Solar Egg Incubator) មានដូចខាងក្រោម៖ ប្រើប្រាស់ថាមពលព្រះអាទិត្យភ្ជាប់ជាមួយផ្ទាំងសូឡា និងអាគុយ សម្រាប់យកភ្លើងទៅបើកអំពូលកំដៅពងមាន់ក្នុងសីតុណ្ហភាពជាមធ្យម ៣៧,៥ អង្សារសេ និងសំណើម ៦៥ភាគរយ។ កាត់បន្ថយការចំណាយប្រតិបត្តិការអាច បង្កើនការភ្ញាស់ចាប់ពី ៣០០-១០០០ពង ក្នុងរយ:ពេល២១ថ្ងៃតាមទំហំទូភ្ញាស់។ ទី៣. ទូហាលសម្ងួតប្រើថាមពល ព្រះអាទិត្យ (Solar Dryer) សម្រាប់ហាលសម្ងួតត្រី សាច់ បន្លែ និងផ្លែឈើ ដែលអាចរក្សា គុណភាព និងអនាម័យ មានដូចខាងក្រោម៖ ស្រូបយកកំដៅ ព្រះអាទិត្យសម្រាប់ហាល សម្ងួតចាប់ពី ៦០-៨០ អង្សាសេ និងបំពាក់ផ្ទាំង សូឡា សម្រាប់បង្វិលកង្ហារឱ្យមានខ្យល់ ចេញចូលស្ងួតក្រៀមបានល្អ។ ប្រើប្រាស់ប្លាស្ទិកបិទជិត និងអាចផ្លាស់ប្តូរទីតាំងបាន។ មានអនាម័យល្អដោយមិនមានរុយ ឬសត្វល្អិតចូលបាន។ ដើម្បីរួមចំណែកកាត់បន្ថយ ចំណាយក្នុងផលិតកម្ម ការប្រែប្រួលអាកាសធាតុ និងការបំពុល បរិស្ថានដោយការបំភាយ ឧស្ម័នផ្ទះកញ្ចក់ ការបញ្ជ្រាបការប្រើប្រាស់បច្ចេ កវិទ្យាថាមព លកកើតឡើងវិញទៅក្នុងផលិត កម្មកសិកម្ម ក៏ដូចជាការកែច្នៃកសិផល គឺជាជម្រើសដ៏ ប្រសើរបំផុត។
ឯកឧត្តមក៏បានលើកឡើងទៀតថាប្រទេសទាំងអស់លើពិភពលោកបានចាត់ទុកបច្ចេកវិទ្យាថាមពលកកើតឡើងវិញ គឺជាថាមពល បៃតង ឬថាមពលស្អាត ដែលត្រូវលើក កម្ពស់ទាំងអស់គ្នា។ ជាទិសដៅបន្ត នាយកដ្ឋានវិស្វកម្មកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម នឹងសហការជាមួយវិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បី ផ្សព្វផ្សាយអំពីបច្ចេកវិទ្យាថាមពលកកើតឡើងវិញ ឱ្យមានភាពទូលំទូលាយដើម្បីផ្តល់ អត្ថប្រយោជន៍សម្រាប់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ៕


ប្រភព៖ ក្រសួងព័ត៌មាន


