យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ក្រុមហ៊ុនផលិតរបស់វៀតណាមចំនួន ២០០ ដែលបានចុះកិច្ចសន្យាផលិតសម្រាប់ក្រុមហ៊ុន Nike បានបន្តការផលិតឡើងវិញហើយ បន្ទាប់ពីផ្អាកមួយរយៈដោយសារតែជំងឺ កូវីដ-១៩។ លោក Noel Kinder ប្រធានផ្នែករបស់ក្រុមហ៊ុន បានប្រាប់នាយករដ្ឋមន្ត្រីកាលពីថ្ងៃអង្គារ នៅក្នុងកិច្ចប្រជុំមួយនៅខាងក្រៅសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិឆ្នាំ២០២១ នៅចក្រភពអង់គ្លេស។
គួរឱ្យដឹងថា រលកទី៤ នៃជំងឺកូវីដ-១៩ ដែលបានចាប់ផ្តើមនៅចុងខែមេសា បានបង្ខំឱ្យរោងចក្រ ជាពិសេសរោងចក្រនៅតំបន់ភាគខាងត្បូង ដាក់កម្រិតផលិតកម្ម និងដាក់ការទប់ស្កាត់យ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ ការបើកដំណើរការផលិតឡើងវិញរបស់រោងចក្រទាំងនោះ បន្ទាប់ពីទីក្រុងហូជីមិញ បានអនុញ្ញាតឱ្យសកម្មភាពពាណិជ្ជកម្ម និងអាជីវកម្មភាគច្រើនចាប់ផ្តើមឡើងវិញ កាលពីពីថ្ងៃទី០១ ខែតុលា ដោយសារការកើនឡើងយ៉ាងឆាប់រហ័សនៃអត្រាការចាក់វ៉ាក់សាំង ដែលធ្វើឱ្យការរាតត្បាតស្ថិតនៅក្រោមការគ្រប់គ្រង៕


អត្ថបទ៖ លីនី
ប្រភព៖ vnexpress


