គំនិតល្អ! កសិករដាំស្វាយកែវរមៀតក្នុងសហគមន៍មួយ ងាកមកបេះក្តឹបស្វាយលក់បំពេញតម្រូវការទីផ្សារ ដើម្បីកាត់បន្ថយការនាំចូល និងការជន់ស្វាយ
អាជីវកម្ម October 22, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា កសិករដាំស្វាយកែវរមៀត ងាកមកបេះក្តឹបស្វាយលក់ដើម្បីបំពេញតម្រូវការទីផ្សារ។ លោកស្រី ឈិន ចម្រើន នាយកប្រតិបត្តិសហគមន៍កសិកម្មស្វាយកែវរមៀតគិរីរម្យ បានប្រាប់វិទ្យុជាតិកម្ពុជាថា កសិករដាំស្វាយមួយចំនួន ជាពិសេសកសិករ ដែលជាសមាជិករបស់សហគមន៍កសិកម្មស្វាយកែវរមៀតគិរីរម្យ បានងាកមកបេះក្តឹបស្វាយបំពេញតម្រូវការទីផ្សារម្ជូរក្នុងស្រុកវិញ ដែលចូលរួមកាត់បន្ថយការនាំចូលក្តឹបស្វាយពីក្រៅប្រទេស និងកាត់បន្ថយការធ្លាក់ចុះខ្លាំងនៃតម្លៃស្វាយ នៅរដូវប្រមូលផលស្វាយ ព្រមទាំងកាត់បន្ថយចំនួនស្វាយទុំជ្រុះ នៅរដូវខែជន់ស្វាយ ក្នុងចន្លោះខែកុម្ភៈដល់ខែមេសាផងដែរ។

លោកស្រីបានបន្តថា រយៈពេលក្រោយនេះ កសិករបានចាប់ផ្តើមប្រលេះ ក្តឹបស្វាយមួយផ្នែកចេញមកលក់ ដោយរក្សាទុកតែបរិមាណតិចតួច ក្នុងមួយទងសម្រាប់ខ្ចប់ ដើម្បីឱ្យស្វាយមានផ្លែធំល្អ និងមានគុណភាព លក់បានតម្លៃថ្លៃ។ លោកស្រី បានបន្តទៀតថា ក្តឹបស្វាយប្រើរយៈពេលតែ ៣៥ថ្ងៃប៉ុណ្ណោះ ក្នុងការទទួលបានផលយកមកលក់ ដែលធ្វើឱ្យអ្នកដាំចំណេញពេលវេលា ចំណេញដើមទុនក្នុងការផលិត ហើយ ក្នុងមួយឆ្នាំអាចធ្វើបានច្រើនដង និងមិនបារម្ភពីហានិភ័យនៃការធ្លាក់តម្លៃដូចស្វាយធំទេ ហើយតម្លៃក្ដឹបស្វាយបច្ចុប្បន្នអាចលក់ចេញ បានក្នុងតម្លៃចាប់ពី ១៥០០រៀលទៅ៤០០០រៀល។

អ៊ីចឹងតាមបច្ចេកទេសរបស់ខ្ញុំ ក្តឹបស្វាយប៉ុនមេជើងនេះ គឺវាមានតម្លៃជាងស្វាយនៅពេលដែលយើងទុកឱ្យវាធំ ដោយមួយគីឡូចន្លោះពី១៥០០រៀល ទៅ៤០០០រៀលតាមខែតាមរដូវ ចឹងបើយើងបេះតែក្ដឹបស្វាយសុទ្ធ គឺយើងគិតថាវាចំណេញច្រើនជាងស្វាយធំព្រោះប្រទេសកម្ពុជាយើង តម្រូវការស្វាយខ្ចីគឺក្ដឹបស្វាយនេះ សម្រាប់បរិភោគជាម្ជូរច្រើនជាងការទិញស្វាយធំសម្រាប់ធ្វើជាម្ជូរ នេះជាការស្រាវជ្រាវរបស់ខ្ញុំ យើងសង្កេតឃើញនៅតាមម្ជូរវត្តភ្នំ និងតាមទូលក់ម្ជូរ ។

លោកស្រី ណាណា ដែលចូលចិត្តបរិភោគម្ជូរស្ទើជារៀងរាល់ថ្ងៃបានឱ្យដឹងដែរថា ជារឿយៗលោកស្រី តែងតែទិញជាម្ជូរសម្រាប់បរិភោគក្រោយពិសាបាយរួចរាល់ ហើយចំពោះម្ជូរដែលចូលចិត្តខ្លាំងជាងគេគឺក្តឹបស្វាយខ្ចីនេះតែម្តង ដោយសារតែស្វាយខ្ចីមានរសជាតិឆ្ងាញ់ជាងស្វាយធំៗ ស្រួយឆ្ងាញ់ពិសេសនោះគឺវាមិនសូវជូរខ្លាំងពេកនោះទេ។លោកស្រីបន្តថា បើសិនជាយើងមានក្តឹបស្វាយខ្ចីដែលបេះនៅក្នុងស្រុកនេះ គឺវា មិនត្រឹមតែជួយផ្គត់ផ្គង់ទីផ្សារក្តឹបស្វាយស្រស់ទាន់ពេលវេលាសម្រាប់អ្នកបរិភោគនិងលើកកម្ពស់ផលិតផលក្នុងស្រុក ប៉ុណ្ណោះទេ ថែមទំាងអាចមានតម្លៃសមរម្យជាមុនសម្រាប់អ្នកបរិភោគជាងក្តឹបស្វាយដែលនាំចូលពីបរទេស។

សូមបញ្ជាក់ថា កម្ពុជាមានផ្ទៃដីដាំដំណាំស្វាយ ចំនួន១៣១ ៨៩០ហិកតា ក្នុងនោះផ្ទៃដីប្រមូលជាង ៩ម៉ឺនហិកតា។ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២១នេះ កម្ពុជានាំចេញស្វាយស្រស់ចំនួន១៦៣ ៨២៨តោនកើនឡើងចំនួន២៥១.០៣% ដោយនាំចេញទៅប្រទេសថៃ ចិន ហុងកុង កូរ៉េ សិង្ហបុរី និងប្រទេសគុយវ៉ែត៕

ប្រភព៖ ក្រសួងព័ត៌មាន