ផ្សិត ២ប្រភេទ កំពុងមានទីផ្សារល្អ និងជួយបង្កើនចំណូលដល់ប្រជាពលរដ្ឋក្នុងសហគមន៍មួយកន្លែង
អាជីវកម្ម October 22, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ប្រជាសហគមន៍ព្រៃឈើប្រាំបីមុម រកចំណូលបានពីការដកផ្សិតកញ្ចូលនិងផ្សិតក្ងោកលក់លើទីផ្សារបានល្អប្រសើរ ដែលអាចទទួលបានប្រាក់ចំណូល សម្រាប់លើក ស្ទួយជីវភាពក្នុងគ្រួសារ ។ លោក លីវ សារ៉ុម គណៈកម្ម ការល្បាតនិងផ្សព្វផ្សាយនៅសហគមន៍ព្រៃឈើប្រាំបីមុមបានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ដោយសារបច្ចុប្បន្ននេះ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បានធ្វើឲ្យផ្សិតក្ងោកនិងផ្សិតកញ្ជូល បានដុះដាលស្អេកស្កះ នៅតាមព្រៃរបោះក្នុងតំបន់ការពារធម្មជាតិសហគមន៍ព្រៃឈើប្រាំបីមុម។

លោកបន្តថា ផ្សិតក្ងោកនិងផ្សិតកញ្ជូល បានដុះដាលស្អេកស្កះ ធ្វើឲ្យប្រជាជនរស់នៅតំបន់នោះ បានចាប់យកមុខរបរដកផ្សិតនេះ សម្រាប់យកមកធ្វើម្ហូបអាហារ និងយកទៅលក់ ដើម្បីទទួលបានចំណូលបន្ថែមសម្រាប់លើកកម្ពស់ជីវភាពគ្រួសារ ដោយក្នុង ១គីឡូក្រាមមានតម្លៃ ចាប់ពី១ម៉ឺនរៀលទៅ១ ម៉ឺន២ពាន់រៀល។

«គិតទៅវាគួរសមដែរ ព្រោះផ្សិតក្ងោកដុះយូរដែរអាចកន្លះខែ តាមសមាជិកតាមគ្រួសាររបស់ពួកគាត់ អាចមួយរដូវៗគាត់អាចបានដោះស្រាយជីវភាពគាត់គ្រាន់បើដែរ ដោយសារទីមួយ ក្នុងខែ៥ ខែ៦មានផ្សិតក្ងោក មក ខែ១០មានផ្សិតកញ្ចូល ប៉ុន្តែផ្សិតកញ្ចូលអាចមានតិចគ្រាន់តែអាចដោះស្រាយជីវ ភាពរបស់គាត់គ្រាន់បើ តាម ពិតសមាជិកនៅក្នុងគ្រួសាររបស់គាត់។នៅពេលដែលរដូវដុះយើងបើកទូលាយឲ្យពួក គាត់ចូលដកតាមគ្រួសាររបស់ពួកគាត់គាត់ដកបានប៉ុន្មានគាត់លក់បានប៉ុណ្ណឹង »។

លោកបានបន្តថា ផ្សិតក្ងោកនិងផ្សិតជាច្រើនទៀត ជាអាហារសម្រាប់បរិភោគផង និងជាប្រភពចំណូលផងសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ ពីព្រោះផ្សិតទាំងនេះ កំពុងមានតម្រូវការ និងមានតម្លៃខ្ពស់នៅលើទីផ្សារ ។ លោកបានអំពាវនាវឲ្យប្រជាជនក្នុងសហគមន៍ទាំងអស់ ចូលរួមការពារនូវធនធានធម្មជាតិ និងអភិរក្សធនធានធម្មជាតិឲ្យបានល្អប្រសើរ ជៀសវាងការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ដើម្បីទទួលបាននូវអនុផលពីព្រៃឈើ សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារនិងសហគមន៍៕

ប្រភព៖ ក្រសួងព័ត៌មាន