ទុកឥតល្ហែ! ក្រុមហ៊ុន រោងចក្រ សហគ្រាស និងឧស្សាហកម្មជាច្រើននៅក្រុងហូជីមិញប្រឈមនឹងកង្វះកម្លាំងពលកម្មធ្ងន់ធ្ងរ
អាជីវកម្ម October 20, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ឧស្សាហកម្មជាច្រើនជាពិសេសឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្មដូចជា វាយនភ័ណ្ឌកាត់ដេរនិងស្បែក ទំនងជាប្រឈមនឹងកង្វះកម្លាំងពលកម្មនៅពេលដែលពួកគេបន្តដំណើរការឡើងវិញក្រោយការរាតត្បាតជំងឺកូវីដ-១៩។

ការស្ទង់មតិមួយដែលបានធ្វើឡើងនៅក្នុងក្រុមហ៊ុនចំនួន ៣០០ នៅដើមខែកញ្ញាបានរកឃើញថា មានតែកម្មករប្រហែល ៤០% ប៉ុណ្ណោះដែលចង់ចូលធ្វើការវិញនៅពេលទីក្រុងបើកដំណើរការឡើងវិញនៅថ្ងៃទី ១ ខែតុលា។ ជាមួយគ្នានេះ ការស្ទង់មតិដោយសមាគមសម្ព័ន្ធពាណិជ្ជកម្មទីក្រុងហូជីមិញបានរកឃើញថា មនុស្សជាច្រើនមានគម្រោងវិលត្រឡប់ចូលធ្វើការវិញ នៅដើមខែកុម្ភៈឆ្នាំក្រោយ។

បើយោងតាមនាយកដ្ឋានពលកម្ម ជនពិការនិងកិច្ចការសង្គមទីក្រុងហូជីមិញ កម្មករចំណាកស្រុកជាងកន្លះលាននាក់បានចាកចេញពីទីក្រុងនេះទៅស្រុកកំណើតរបស់ពួកគេ បន្ទាប់ពីទីក្រុងនេះបន្ធូរបន្ថយការបិទប្រទេស។ ការចាកចេញដ៏ធំនេះបានបន្សល់ទុក នូវឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្មដូចជាសម្លៀកបំពាក់ស្បែកជើងនិងស្បែក និងសេវាកម្មពាណិជ្ជកម្ម ឱ្យជួបបញ្ហាកង្វះកម្លាំងពលកម្ម។

លោកស្រី Nguyen Thi Thuy អនុប្រធានសហព័ន្ធវាយនភ័ណ្ឌនិងកាត់ដេរវៀតណាមបាននិយាយថា ការចាកចេញរបស់កម្មករបានធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង ដែលបណ្តាលមកពីកម្មករកាត់ដេរនិងវាយនភ័ណ្ឌបានផ្លាស់ប្តូរទៅឧស្សាហកម្មដទៃទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលធ្វើឱ្យវិស័យនេះខ្វះខាតយ៉ាងតិច ១០%។

ទន្ទឹមនឹងនេះ ការខ្វះខាតបានកើនឡើងដល់ ៣០% ចាប់ពីថ្ងៃទី ១ ខែតុលា នៅពេលដែលកម្មករបានចាកចេញពីទីក្រុង ត្រលប់ទៅនៅផ្ទះ ដើម្បីមើលថែកូនៗចាប់តាំងពីសាលារៀនត្រូវបានបិទ ឬ ពួកគេត្រូវបានធ្វើតេស្តវិជ្ជមានជំងឺ-១៩ និង ខ្លះទៀតអាចកំពុងធ្វើចត្តាឡីស័ក។ គួរឱ្យដឹងថា មុនពេលមានជំងឺរាតត្បាតទីក្រុងមានកម្មករជិត ៤ លាននាក់នៅក្នុងអាជីវកម្មជាង ២៨៦,០០០កន្លែង រួមទាំងតំបន់កែច្នៃនាំចេញ ឧស្សាហកម្ម និងឧទ្យានបច្ចេកវិទ្យាខ្ពស់ ៣២០,០០០ កន្លែង៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress