បណ្ដាផ្សារ និងអាជីវកម្មមូលដ្ឋាន មួយចំនួនក្នុងរាជធានីភ្នំពេញបានចាប់ផ្តើមអនុវត្តន៍ស្កេនបណ្ណចាក់វ៉ាក់សាំងឌីជីថល មុនអនុញ្ញាតឱ្យអតិថិជនចូលទៅតាមទីតាំងនីមួយៗ
អាជីវកម្ម October 19, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា បណ្ដាផ្សារនិងអាជីវកម្មមូលដ្ឋានមួយចំនួនក្នុងរាជធានីភ្នំពេញ បានចាប់ផ្តើមអនុវត្តន៍ការស្កេនបណ្ណចាក់វ៉ាក់សាំងឌីជីថល មុនអនុញ្ញាតឱ្យអតិថិជនចូលទៅតាមទីតាំងនីមួយៗ ដើម្បីប្រាកដថាពួកគាត់មិនមានការឆ្លងជំងឺកូវីដ-១៩។

លោក​ ហេង ដារ៉ូ អ្នកចាត់ ការទូទៅនៅហាងភីហ្សាខមភេនីមួយកន្លែង ក្នុងរាជធានីភ្នំពេញ បានលើកឡើងថា ហាងរបស់លោកបានអនុវត្ត យ៉ាងខ្ជាប់ខ្ជួន រាល់វិធានការនានា ដែលក្រសួងសុខាភិ បាលបានដាក់ចេញ ហើយសម្រាប់ការស្កេនបណ្ណចាក់វ៉ាក់សាំងឌីជីថលថ្មីនេះ កាន់តែមានភាពល្អប្រសើរសម្រាប់អាជីវកម្ម ដើម្បីសុវត្ថិភាពអតិថិជន និងបុគ្គលិកក្នុងហាងផងដែរ ។

លោកបានបន្តថា ចំពោះការចាប់ផ្តើមអនុវត្តន៍ការស្កេន បណ្ណចាក់វ៉ាក់សាំងឌីជីថល មុនអនុញ្ញាតឱ្យអតិថិជនចូលទៅតាមទីតាំងនីមួយៗនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ ព្រោះវាអាចបញ្ជាក់បានថា បុគ្គលរូបណា ដែលអាចផ្ទុកនិងមិនផ្ទុកនូវជំងឺកូវីដ-១៩នេះ ។

លោកបានបន្តទៀតថា សម្រាប់ហាងរបស់លោកគឺបានអនុវត្តន៍យ៉ាងម៉ត់ចត់ជាទីបំផុត ដោយឱ្យបុគ្គលិកនៅចាំបាញ់អាល់កុល វ៉ាស់កម្តៅ ព្រមទាំងឱ្យអតិថិ ជនដែលគាត់ចូលមកកន្លែងនេះ ធ្វើការស្កេនបណ្ណចាក់វ៉ាក់សាំងឌីជីថលជាមុនសិន ទើបអនុញ្ញាតឱ្យពួកគាត់ចូលទៅក្នុងបាន ហើយការចូលរួមទាំងអស់គ្នានេះ គឺដើម្បីទប់ ស្កាត់ក្នុងការចម្លងជម្ងឺកូវីដ- ១៩ ។ យើងមានការអនុវត្តទៅតាមក្រសួងសុខាភិបាល ដែលគាត់បានណែនាំ មុនពេលដែលគាត់ចូលមកដល់ ដើម្បីមកញ៉ាំនៅក្នុងហាងហ្នឹង គឺត្រូវតែគោរពទៅតាមគោល ការណ៍របស់ពួកយើងដែលបានប្រាប់ទៅកាន់អតិថិជន គឺទីមួយ ពេលដែលគាត់មកសុំឱ្យគាត់ស្កេនកម្ដៅ យើងមានបុគ្គលិករៀបចំនៅខាង មុខ សម្រាប់ស្កេនកំដៅឱ្យគាត់ ទីពីរគឺឱ្យគាត់ស្កេនQR- Cord ហើយជាពិសេសនោះគឺយើងមាន QR-Cordថ្មីមួយទៀតសម្រាប់ឱ្យគាត់ស្កេន សម្រាប់ភ្ញៀវដែលគាត់ភ្លេចយកកាតវ៉ាក់សាំងមកតាមខ្លួន គឺយើងអាចស្កេនហើយនិងបំពេញទិន្ន័យរបស់គាត់ទៅតាមកាតរបស់គាត់ទៅគឺវាចេញនៅក្នុងទូរស័ព្ទរបស់គាត់ គឺឃើញការចាក់ វ៉ាក់សាំងរបស់គាត់មានប៉ុន្មានលើកហើយការធ្វើបែបនេះ គឺយើងមានសុវត្ថិភាពទាំងភ្ញៀវហើយនិងបុគ្គលិករបស់យើងដែលនៅក្នុងហាងទាំងអស់គ្នា។

លោក សុខ រាជ ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញបាន ឱ្យដឹងថា លោកបានភ្ជាប់ប្រព័ន្ធស្កេននេះរួចរាល់ហើយ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិ បាលក្នុងការទប់ស្កាត់ការរាត ត្បាតជំងឺកូវីដ១៩ ខណៈការស្កេននេះ បានតាមដានបុគ្គលដែលមានការពាក់ព័ន្ធជាមួយ នឹងអ្នកជំងឺកូវីដ១៩ ហើយអាចរួមគ្នាទប់ស្កាត់បានទាន់ ពេលវេលា។

សូមបញ្ជាក់ថា ចំពោះការអនុវត្តស្កេនបណ្ណចាក់វ៉ាក់ សាំងឌីជីថលថ្មីនេះ គឺមានបួនពណ៌ ហើយសម្រាប់ពណ៌នីមួយៗមានអត្ថន័យផ្សេងៗគ្នា សម្រាប់ពណ៌ខៀវបញ្ជាក់ថាបុគ្គលនោះបានចាក់វ៉ាក់សាំងកូវីដ-១៩រួចរាល់ ចំណែកឯពណ៌បៃតង បញ្ជាក់ពីស្ថាន ភាពធម្មតា ចំពោះពណ៌លឿងបញ្ជាក់ថា បុគ្គលនោះបានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ- ១៩ ដោយផ្ទាល់ឬដោយប្រយោល ក្នុងអំឡុងពេល១៤ថ្ងៃចុងក្រោយ នឹងមិនទាន់បញ្ចប់ធ្វើចត្តាឡីស័ក ម្ចាស់អាជីវកម្ម អាចសម្រេចមិនឱ្យបុគ្គលនោះ ចូលក្នុងអាជីវកម្មដ្ឋានរបស់ខ្លួនបាន ចំណែកឯពណ៌ ក្រហមវិញ បញ្ជាក់អំពីស្ថាន ភាពហានិភ័យខ្ពស់ថា បុគ្គលនោះមានជំងឺកូវីដ-១៩ ករណី នេះគឺមិនត្រូវអនុញ្ញាតឱ្យចូលទីតាំងណាមួយឡើយ ហើយត្រូវរាយការណ៍ជូនទៅ ក្រសួង សុខាភិបាល៕

ប្រភព៖ ក្រសួងព័ត៌មាន