មិនធម្មតា! កសិករខេត្តក្រចេះម្នាក់ គ្រោងបង្កើតផ្ទះសំណាញ់ដាំបន្លែឲ្យបានជាង ២០រោងបន្ថែមទៀត ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ
អាជីវកម្ម October 14, 2021 Khmernote

យោងតា​មការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា កសិករខេត្តក្រចេះម្នាក់គ្រោងបង្កើតផ្ទះសំណាញ់ឲ្យបានជាង ២០រោងបន្ថែមទៀត ដើម្បីបង្កើនការដាំបន្លែផ្គត់ផ្គង់ទីផ្សារ ខណៈដែលបន្លែដាំដុះក្នុងផ្ទះសំណាញ់ មានអតិថិជនគាំទ្រច្រើន ព្រោះវាជាបន្លែសុវត្ថិភាព មានរសជាតិឆ្ងាញ់ មិនប៉ះពាល់ដល់សុខភាព អ្នកបរិភោគ។

លោក ហូ ប្រុស រស់នៅ ភូមិផ្សោតក្រោម ឃុំផ្សោត ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា បន្លែក្នុងផ្ទះសំណាញ់ របស់លោកមាន៦ប្រភេទគឺ៖១.ខាត់ណាផ្កា, ២.ខាត់ណាដើម, ៣.ស្ពៃក្តោប,៤.ម្ទេសហាវ៉ៃ ,៥.ប៉េងប៉ោះឈើរី និង ៦.ប៉េងប៉ោះម៉ុងឌីយ៉ាល់ សុទ្ធតែជាបន្លែដែលមានការគាំទ្រពីអតិថិជនព្រោះបន្លែដែលដាំដុះក្នុងរោងសំណាញ់ដាំតាមធម្មជាតិមានរសជាតិឆ្ងាញ់ ពិសេសក្លាយជា បន្លែសុវត្ថិភាពដែលជួយទ្រទ្រង់សុខភាពអ្នកពិសា។

លោកបន្តថា បន្លែក្នុងរោងសំណាញ់របស់លោកមានចំនួន៣រោង ដោយក្នុង១រោង ទំហំ៣២០ម៉ែតក្រឡា ដែលអាចទទួលបានទិន្នផល៣០០គីឡូក្រាម ទៅ៤០០គីឡូក្រាម តាមការបញ្ជាទិញរបស់ក្រុមហ៊ុន ដែលបានចុះកិច្ចសន្យា ដើម្បីផ្គត់ផ្គង់ក្នុងទីផ្សារនៅខេត្តខ្លះ និងនាំចេញទៅភ្នំពេញខ្លះ។ លោកបន្តទៀតថា បន្ទាប់ពីទទួលបានជោគជ័យ លោកគ្រោង ពង្រីកផ្ទៃដីដាំដុះបន្លែបន្ថែមឲ្យបានជាងចំនួន ២០រោង ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ ពិសេសបំពេញទៅតាមតម្រូវការរបស់ក្រុមហ៊ុន និងផ្សារទំនើបនានា ដែលបានចុះកុងត្រាទទួលទិញបន្លែពីចម្ការរបស់លោក។

«នៅក្នុងហ្នឹងយើងមានដី២ហិកតាដែលយើងជាសហគមន៍យើងគ្រោងធ្វើផ្ទះសំណាញ់ឲ្យច្រើនដល់ទៅ ២០ទៅ៣០ អីចឹងហើយ សម្រាប់ខ្ញុំគិតថាដំណាំដែលយើងដាំបានជោគជ័យ ហើយតម្លៃខ្ពស់ហើយយើងមិនគិតថាដាំដំណាំអីផ្សេងទៀតទេ»។

លោកបញ្ជាក់ថា ទោះបីស្ថិតនៅក្នុងរដូវវស្សាក៏ដោយ ក៏លោកមិនបារម្ភឡើយពីការដាំដុះ ព្រោះផ្ទះសំណាញ់នេះមានដំបូលបិទជិត ការពារទឹកភ្លៀងមិនឲ្យប៉ះពាល់ដល់ដាំណាំ ការពារសត្វល្អិតចង្រៃ ចំណាយជីតិច ទទួលបានទិន្នផលខ្ពស់ ៕

ប្រភព៖ ក្រសួងព័ត៌មាន