សញ្ញាល្អ! ភោជនីយដ្ឋាន-អាហារដ្ឋាន ជិត ៥០ទីតាំងនៅក្រុងសៀមរាប នឹងត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញជាបន្តបន្ទាប់
អាជីវកម្ម October 13, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានឱ្យដឹងថា ក្នុងបណ្តាភោជនីយដ្ឋាន និងអាហារដ្ឋានប្រមាណជិត២០០កន្លែងនៅក្នុងក្រុងសៀមរាប ក្នុងនោះមានភោជនីយដ្ឋាន និងអាហារដ្ឋានជិត៥០កន្លែង ដែលរដ្ឋបាលក្រុងសៀមរាបគ្រោងនឹងអនុញ្ញាតឱ្យបើកដំណើរ អាជីវកម្មដ្ឋានរបស់ខ្លួន ក្នុងរូបភាពលើសពីការវេចខ្ចប់ ដោយការបម្រើសេវាកម្មទទួលភ្ញៀវ ឱ្យពិសាអាហារ និងភេសជ្ជៈនៅនឹងកន្លែង ហើយលោកក៏បានដឹកនាំក្រុមការងារចម្រុះ ចុះប្រគល់លិខិតបញ្ជាក់អនុញ្ញាតដល់ម្ចាស់អាហារដ្ឋានចំនួន៣កន្លែងផងដែរ កាលពីល្ងាច ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ។

លោកអភិបាលក្រុងបានបញ្ជាក់ដែរថា មុននឹងឈានមកដល់ការប្រគល់លិខិតបញ្ជាក់ អនុញ្ញាតនេះ ម្ចាស់សេវាកម្មដ្ឋានម្ហូបអាហារទាំងនេះ ត្រូវបានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការអនុវត្តលក្ខខណ្ឌស្តង់ដារអប្បរមា ភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ក្នុងបរិបទ កូវីដ-១៩ ជាមួយនឹងការដាក់ពាក្យស្នើសុំផងដែរ។ អ្វីដែលត្រូវឆ្លងកាត់ដើម្បីធានាសុវត្ថិភាព ដោយការទទួលខុសត្រូវនៅពេលដំណើរការនោះ គឺការចុះត្រួតពិនិត្យវាយតម្លៃរបស់ ក្រុមការងារចម្រុះថ្នាក់ខេត្ត រួមមានមន្រ្តីជំនាញមកពីមន្ទីរទេសចរណ៍ សុខាភិបាល ទូរគមនាគមន៍ និងមន្ទីរបរិស្ថានជាដើម។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបបានបញ្ជាក់ថា ៣ការពារ និង៣កុំ គឺជាវិធានការដ៏មានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ ជាមួយគ្នា នេះដែរ ប័ណ្ណសម្គាល់ចាក់វ៉ាក់សាំងបង្ការជំងឺកូវី-១៩ គឺជាឧបករណ៍ដ៏សំខាន់ផងដែរ សម្រាប់ ការប្រើប្រាស់ បង្កើតទំនុកចិត្តរវាងអ្នកបម្រើសេវាកម្ម និងអតិថិជន។ វាមិនជាការលំបាក នោះទេ បើគ្រាន់តែជាការបង្ហាញប័ណ្ណនេះឱ្យគ្នាឃើញទៅវិញទៅមកនោះ។

លោកបានបន្តថា វិធីសាស្រ្តក្នុងការរៀបតុ-កៅអី ដើម្បីត្រៀមទទួលភ្ញៀវ ដែលជា ការរក្សាគម្លាត គួរប្រើតុតូចៗដាច់ដោយឡែកពីគ្នា ឬក៏អាចរៀបតុធំវែង រក្សាគម្លាតកៅអី សម្រាប់ទទួលភ្ញៀវក្នុងលក្ខណៈជាក្រុមគ្រួសារ តែបើមិនមែនគ្រួសារ គឺមិនអាច អនុញ្ញាតឱ្យប្រើទេ។

លោកបន្តថា អាចនឹងមានករណីរឹតបន្តឹងសុវត្ថិភាពក្នុងភោជនីយដ្ឋានបន្ថែម ទៀតដោយផ្អែកលើហានិភ័យនៃបញ្ហាកូវីដ១៩ នោះគឺអាចនឹងតម្រូវឱ្យមានការរៀបចំតុ អាហារនីមួយៗ មានរបាំងកញ្ចក់សុវត្ថិភាព ព្រោះថានៅពេលទទួលទានអាហារ និងភេសជ្ជៈ គ្រប់គ្នាមិនមានពាក់ម៉ាសនោះឡើយ។ ទាំងអស់នេះ គឺជាគន្លងថ្មី សម្រាប់ការរៀនរស់ ជាមួយកូវីដ-១៩៕

ប្រភព៖ ក្រសួងព័ត៌មាន