ជំងឺម៉ូសាអ៉ិកលើដំណាំដំឡូងមី គ្មានថ្នាំកសិកម្មអាចព្យាបាលបានទេ តែកសិករអាចបង្ការ និងទប់ស្កាត់បានតាមវិធីនេះ
អាជីវកម្ម October 9, 2021 Khmernote

មន្ទីរសិកម្មខេត្តត្បូងឃ្មុំបានឱ្យដឹងថា ជំងឺម៉ូសាអ៉ិកលើដំណាំដំឡូងមី គ្មានថ្នាំកសិកម្មអាចព្យាបាលបានទេ ប៉ុន្តែយើងអាច បង្ការនិងទប់ស្កាត់បាន ដើម្បីកុំឱ្យខាតបង់ពេលវេលា និងថវិកាក្រុមគ្រួសារ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ជំងឺម៉ូសាអ៉ិក លើដំណាំដំឡូងមី ជាជំងឺមួយដែលគ្មានថ្នាំកសិកម្មអាចព្យាបាលបាននោះទេ ហើយប្រសិនបើកើតលើដំណាំដំឡូងមីក្នុងកម្រិតធ្ងន់ធ្ងរ អាចធ្វើឱ្យទិន្នផលដំឡូងមីបាត់បង់រហូតដល់ ៨០%។

ជំងឺម៉ូសាអ៉ិក ជាជំងឺបង្កឡើងដោយវីរុស ដែលមានវត្តមាននៅក្នុងដើមពូជដំឡូងស្រាប់ វាមិនមានថ្នាំព្យាបាលទេ ហើយមានការឆ្លងរាលដាលយ៉ាងឆាប់រហ័សតាមរយៈវត្តមានរុយសនៅក្នុងចម្ការតែម្តង។ ដំឡូងមីដែលរងជំងឺម៉ូសាអ៉ិក មិនត្រឹមតែថយចុះទិន្នផលនោះទេ ថែមទាំងធ្វើឱ្យកម្រិតជាតិម្សៅ (DC) ថយចុះផងដែរ។ លោកបន្តថា កន្លងមកមន្ទីរ ក្រុមភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា បានចូលរួមចំណែកដាក់ចេញវិធានការ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ ម៉ូសាអ៉ិកលើដំណាំដំឡូងមី ក្នុងខេត្តត្បូងឃ្មុំ ជាពិសេសកម្មវិធីកាវ៉ាក់។ លោកបន្ថែមថា ទោះបីជំងឺម៉ូសាអ៉ិកលើដំណាំដំឡូងមី គ្មានថ្នាំ កសិកម្មអាចព្យាបាលបានក៏ដោយ ក៏យើងអាចបង្ការនិងទប់ស្កាត់បាន ” តាមរយៈវិធានការការពារជាការប្រសើរ គឺ ពូជសុទ្ធ ស្អាតល្អ និងទប់ស្កាត់ កម្ចាត់សត្វល្អិតជាភ្នាក់ងារចម្លង រុយ ស។

« ជាការស្រាវជ្រាវកន្លងមក យើងឃើញថាថ្មីៗនេះ ខាងជំនាញបានធ្វើការស្រាវជ្រាវ យើងដាំប្រៀបធៀបរវាងពួជដែលស្អាត គ្មានជំងឺ យើងឃើញថាទិន្នផលបានពី ២៥តោនទៅ ៣០តោនក្នុង ១ហិកតា។ ប៉ុន្តែបើយើងដាំពូជដែលមានជំងឺស្រាប់ គឺអាចទទួលបាន ទិន្នផល ពី១០តោនទៅ ១៥តោនក្នុងមួយហិកតា អ៊ីចឹងនេះជាចំនួនដ៏ទាបមែនទែន។ ប៉ុន្តែរយៈពេលចុងក្រោយនេះ យើងឃើញថា សម្រាប់តម្រូវការផលិតកម្មដំណាំដំឡូងមីនេះ គឺមានតម្លៃល្អប្រសើរ អ៊ីចឹងប្រសិនបើបងប្អូនអាចអនុវត្តបាននូវវិធីបានត្រឹមត្រូវរួមទាំង ទិន្នផល ទៀតសោតក៏នឹងទទួលបានខ្ពស់ដែរ អ៊ីចឹងកត្តារួមផ្សំទៅនឹងតម្លៃថ្លៃទៀត នឹងធ្វើឱ្យបងប្អូនចំណេញច្រើន។ ប៉ុន្តែបើបងប្អូនមិនបានអនុវត្តនូវវិធានការបានត្រឹមត្រូវនោះទេ ហើយនៅតែបន្តដាំដុះពូជដែលមានជំងឺ អ៊ីចឹងទិន្នផលនឹងធ្លាក់ចុះ ។ដូចនេះមន្រ្តីជំនាញ ក៏បានការដាក់ចេញនូវវិធានការដើម្បីឱ្យប្រជាពលរដ្ឋចូលរួមអនុវត្តទាំងអស់គ្នា»។

លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំបាន បានណែនាំនូវវិធានការកម្ចាត់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ ម៉ូសាអ៉ិក ក្នុងនោះប្រជាកសិករត្រូវពិនិត្យឱ្យបានច្បាស់លាស់ក្នុងការជ្រើសពូជដែលមិនមានរោគសញ្ញានៃជំងឺម៉ូសាអ៉ិក (ស្លឹកមិនរួញ) ដោយរកពូជដែលធន់នឹងជំងឺ និងត្រូវរក្សាទុកពូជដែលគ្មានជំងឺក្នុងចម្ការដោយខ្លួនឯង ចៀសវាងមន្ទិលសង្ស័យ។ បងប្អូនកសិករត្រូវព្យាយាមចុះពិនិត្យចម្ការឱ្យបានញឹកញាប់ ទប់ស្កាត់និងកម្ចាត់ភ្នាក់ងារចម្លងជំងឺម៉ូសាអ៊ិក (រុយស) ពិសេសត្រូវអនុវត្ត វិធានការកម្ចាត់រុយសព្រមគ្នា ទប់ស្កាត់ការហើរគេចពីមួយកន្លែងទៅមួយកន្លែង ពេលសាបជាតិថ្នាំត្រឡប់មកវិញដដែល។ សូមបញ្ជាក់ថា ផ្ទៃដីដាំដុះដំណាំដំឡូងមី ក្នុងខេត្តត្បូងឃ្មុំ សរុប ៥៣,០២៥ហិកតា ខណៈដែលតំបន់មួយចំនួន បានចាប់ផ្តើមប្រមូលផល ជាបណ្តើរៗហើយ៕

ប្រភព៖ ក្រសួងព័ត៌មាន