សហគ្រាសមួយកន្លែងក្នុងរាជធានីភ្នំពេញ ប្រមូលទិញសំរាម និងកាកសំណល់សរីរាង្គ ៣០តោនក្នុងមួយថ្ងៃ
អាជីវកម្ម October 8, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា សហគ្រាសមួយកន្លែងក្នុងរាជធានីភ្នំពេញបានប្រមូលទិញសំរាមនិងកាកសំណល់សរីរាង្គ ៣០តោនក្នុងមួយថ្ងៃ ដើម្បីយកទៅច្នៃធ្វើជាជីកំប៉ុស្តធម្មជាតិ សម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម។ លោក គីម នីដូ ជាស្ថាបនិកកែច្នៃសំរាមទៅជាជីកំប៉ុស្ត ស្ថិតនៅភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ បានប្រាប់វិទ្យុជាតិ កម្ពុជាថា លោកបានសិក្សាស្វែងយល់ពីបច្ចេកទេសក្នុងការកែច្នៃសំរាម និងកាកសំណល់សរីរាង្គនេះរយៈពេលជាង ៧ឆ្នាំមកហើយ ដើម្បីជួយដល់បរិស្ថានតាមរយៈផលិតជាជីកំប៉ុស្តដែលសម្រួលដល់ការកាត់បន្ថយចំណាយ របស់ប្រជាកសិករដែលដាំដុះដំណាំ គ្រប់ប្រភេទ។ ក្រៅពីនេះ ក្នុងគោលបំណងចូលរួមចំណែកលុបបំបាត់កាកសំណល់ផ្សេងៗ នៅក្នុងប្រទេសផងដែរ។

លោកបានបន្តថា ក្នុងមួយថ្ងៃលោកប្រមូលសំរាម ឬកាកសំណល់សរីរាង្គផ្សេងៗប្រមាណជា ៣០តោន ដើម្បីយកមកបំប្លែងធ្វើជាជីធម្មជាតិ សម្រាប់កាត់បន្ថយការចំណាយរបស់ប្រជាកសិករ ជាអ្នកដាំដុះដំណាំផ្លែឈើគ្រប់ប្រភេទ។ លោកបានបញ្ជាក់ថា ដោយសង្កេតឃើញតាមបណ្តាប្រទេសជឿនលឿនមួយចំនួន បានយកចិត្តទុកដាក់ខ្ពស់ ទៅលើបរិស្ថាន ការកែច្នៃ កាកសំណល់ផ្សេងៗទៅជាជីកំប៉ុស្ត ជាពិសេសដោយនៅពេលបច្ចុប្បន្ននេះ មានកំណើនប្រជាកសិករជាច្រើន មានការចំណាយខ្ពស់លើការ ប្រើប្រាស់ជីគីមី និងដោយសារមានទឹកចិត្តស្រឡាញ់ជាតិផងនោះ ទើបលោកបានបង្កើតសហគ្រាសនេះឡើង ដើម្បីការពារបរិស្ថាន និង ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចកម្ពុជា ។

សំឡេង« ទីមួយអ្វីដែលខ្ញុំគិតគឺខ្ញុំស្រឡាញ់បរិស្ថាន និងចង់លើកស្ទួយវិស័យកសិកម្ម ដោយសារតែខ្ញុំទៅស្រុកគេ ប៉ុន្តែស្រុកគេមិនមែន ជាប្រទេសកសិកម្មផង ក៏ប៉ុន្តែគេអាចធ្វើជាជីកំប៉ុស្តបាន ជាគំនរធំៗដូចជាភ្នំអញ្ចឹង ចឹងស្រុកខ្មែរយើងក៏ជាប្រទេសកសិកម្មមួយដ៏ធំដែល សម្បូរវត្ថុធាតុដើមច្រើន ហើយខ្ញុំឃើញកាកសំណល់ទាំងអស់រាយពាសពេញតាមផ្លូវ និងតាមផ្សារ ដូច្នេះខ្ញុំគិតថានេះគឺជាលុយ ចឹងខ្ញុំចង់ ឲ្យប្រជាកសិករយើងចំណាយតិចលើការប្រើប្រាស់ជីធម្មជាតិ»។

លោកបានអំពាវនាវ ទៅកាន់ប្រជាពលរដ្ឋយើងទាំងអស់ សូមជួយបែងចែកសំរាមឲ្យដាច់ដោយឡែកពីគ្នា ដូចដែលរាជរដ្ឋាភិបាល បាន ជម្រាបជូនជាដំណឹង និងជាពិសេសសូមបងប្អូនប្រជាកសិករទាំងអស់ ជួយគាំទ្រនូវផលិតផលដែលខ្មែរយើងផលិតបាន ដើម្បីយកមក ប្រើប្រាស់ក្នុងការដាំដុះដែលធ្វើឱ្យដំណាំរីកលូតលាស់ល្អ និងទទួលទិន្នផលច្រើន។ សូមបញ្ជាក់ថា សហគ្រាស ធ្វីនអាគ្រីតិច បានបង្កើតឡើងនៅឆ្នាំ២០១៣ ដែលបច្ចុប្បន្នមានសមាជិកចំនួន៥នាក់។ ក្រុមហ៊ុននេះបាន លក់ជីកំប៉ុស្តដែលផលិតបាននោះតម្លៃ ១២៥ដុល្លារក្នុង១តោន និងជីកំប៉ុស្តអាចម៍ជន្លេនតម្លៃ ១៥៥ដុល្លារក្នុង ១តោន ៕

ប្រភព៖ ក្រសួងព័ត៌មាន