ទីក្រុងហូជីមិញ អនុញ្ញាតឱ្យផ្សារទំនើបតូច ធំ ទាំងអស់ដំណើរជាធម្មតាឡើងវិញបាន ចាប់ពីដើមខែតុលា នេះទៅ
អាជីវកម្ម October 1, 2021 Khmernote

ផ្សារទំនើបនៅទីក្រុងហូជីមិញ អនុញ្ញាតឱ្យដំណើរការឡើងវិញជាធម្មតា ដោយចាប់ផ្ដើមពីថ្ងៃសុក្រ ដើមខែតុលា នេះតទៅ បន្ទាប់ពីការដាក់កំហិតជាច្រើនប្រភទ ដើម្បីទប់ទល់នឹងជំងឺកូវីដ-១៩។ ផ្សារទំនើបធំៗ ជាច្រើនរួមមាន GO!/Big C និង Tops Market of Central Retail Vietnam និងផ្សារទំនើប AEON Vietnam នឹងបើកដំណើរការពីម៉ោង ៨ ព្រឹកដល់ម៉ោង ១០ យប់ ចាប់ពីថ្ងៃទី ១ ខែតុលា ហើយបណ្តាញលក់ទំនិញតាមអ៉ីនធឺណេតរបស់ពួកគេ ក៏នឹងដំណើរការឡើងវិញនៅថ្ងៃសុក្រផងដែរ។

ទន្ទឹមនឹងនេះដែរ ផ្សារទំនើបខ្នាតតូចនៅតាមស្រុក និងសង្កាត់ ក៏បើកដំណើរការឡើងវិញដូចធម្មតាដែរ ចាប់ផ្តើមទទួលអតិថិជនចាប់ពីម៉ោង ៧ និង ៣០ នាទីព្រឹក ឬ ៨ ព្រឹក ដល់ម៉ោង ១០ យប់ អាស្រ័យលើទីតាំងសាខា។ ជាមួយគ្នានេះបុគ្គលិកទាំងអស់ត្រូវបានចាក់វ៉ាក់សាំងបានគ្រប់ដូស ខណៈអ្នកដើរទិញឥវ៉ាន់ត្រូវពាក់ម៉ាស់ការពារ ត្រូវត្រួតពិនិត្យសីតុណ្ហភាព និងប្រើប្រាស់កម្មវិធីពនិត្យសុខភាពមុនពេលចូលហាង។

គួរបញ្ជាក់ផងដែរថា ទីក្រុងហូជីមិញបានដាក់វិធានការរក្សាគម្លាតសង្គមយ៉ាងតឹងរ៉ឹងចាប់តាំងពីថ្ងៃទី ២៣ ខែសីហា ដោយបិទផ្សារទំនើប បង្ខំឲ្យអ្នកស្រុកធ្វើការទិញតាមអ៉ីនធឺណិត ឬប្រើសេវាកម្មទិញទំនិញ។ មិនតែប៉ុណ្ណោះផ្សារបោះដុំ លក់រាយ ធំ ក៏ត្រូវបញ្ជាឱ្យបិទទ្វារដែរ ដើម្បីទប់ស្កាត់ការរីករាលដាលនៅក្នុងសហគមន៍៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress