ស្ទើរមិនគួរឱ្យជឿ! រដ្ឋាភិបាលជប៉ុន ដាក់លក់ផ្ទះនៅតាមជនបទក្នុងតម្លៃត្រឹមតែ ៥០០ដុល្លារ ហើយថែមលុយឱ្យថ្លៃជួសជុលទៀត
អចលនទ្រព្យ September 30, 2021 Khmernote

រដ្ឋាភិបាលជប៉ុនបាននិងកំពុងលក់ផ្ទះនៅតាមជនបទក្នុងតម្លៃត្រឹមតែ ៥០០ដុល្លារ នេះបើយោងតាមការចុះផ្សាយ​របស់សារព័ត៌មានបរទេស Insider។ សារព័ត៌មានដដែលបានឱ្យដឹងថា មានផ្ទះជាង ៨លានខ្នងនៅតាមទីជនបទក្នុងប្រទេសជប៉ុន ដែលរដ្ឋាភិបាលបានដាក់លក់ក្នុងតម្លៃទាបខ្លាំងមែនទែន ក្នុងគោលបំណងទាក់ទាញប្រជាជនឱ្យមករស់នៅជនបទ​កាន់តែច្រើន។

ជាមួយគ្នានោះដែរ ក្នុងចំណោមផ្ទះទំនេររាប់លានខ្នង ផ្ទះខ្លះក៏ត្រូវបានផ្ដល់ឱ្យប្រជាជនស្ទើរតែមិនគិតថ្លៃទៀតផង។ មិនតែប៉ុណ្ណោះ ដើម្បីដើម្បីស្វែងរកអ្នករស់នៅសម្រាប់ផ្ទះដែលគ្មានមនុស្សរស់នៅ ដែលគេហៅថា “akiya” រាប់លាននាក់ រដ្ឋាភិបាលជប៉ុនបាននិងកំពុងទាក់ទាញប្រជាជន ដោយការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុដូចជា ផ្ដល់ទ្រព្យសម្បត្តិដោយឥតគិតថ្លៃ និងប្រាក់ឧបត្ថម្ភសម្រាប់ការជួសជុល។ លើសពីនេះ រដ្ឋាភិបាលក្នុងតំបន់ខ្លះ បានផ្តល់ជំនួយឥតសំណងចំនួន ២ លានយ៉េន (១៨,២២៩ ដុល្លារ) ដល់អ្នកដែលកំពុងជួសជុលផ្ទះដែលមានក្នុងបញ្ជីទិន្នន័យរបស់ខ្លួន។

គួរឱ្យដឹងងផងដែរថា ការស្ទង់មតិលំនៅដ្ឋាននិងដីរបស់ប្រទេសជប៉ុន ដែលបានធ្វើឡើងរៀងរាល់ ៥ ឆ្នាំម្តង បានកត់ត្រាកំណត់ត្រាខ្ពស់បំផុតនៃចំនួនផ្ទះដែលគ្មានមនុស្សរស់នៅ ឬ ផ្ទះ “akiya” ដែលមានចំនួន ៨,៤៩ លានខ្នងនៅប្រទេសជប៉ុនក្នុងឆ្នាំ ២០១៨។ ផ្ទះទាំងនេះភាគច្រើនត្រូវបានទុកចោល បន្ទាប់ពីសាច់ញាតិស្លាប់ ឬ នៅពេលមនុស្សផ្លាស់ទីលំនៅ។ ហើយការស្ទង់មតិឆ្នាំ ២០១៨ បានរកឃើញការកើនឡើងចំនួន ៣.២% នៃចំនួនផ្ទះ “akiya” បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៣ ។

របាយការណ៍នេះក៏បានរកឃើញផងដែរថា ១៣.៦% នៃផ្ទះចំនួន ៦២,៤២ លានរបស់ជប៉ុនមិនមានមនុស្សរស់នៅទេ។ ហើយចំនួននេះភាគច្រើននៅក្នុងខេត្ត Wakayama, Tokushima, Kagoshima, និង Kochi។ ការជំរុញឱ្យតំបន់ជនបទរបស់ប្រទេសជប៉ុនរស់ឡើងវិញ គឺជាផ្នែកមួយដ៏សំខាន់នៃផែនការសេដ្ឋកិច្ចសង្គមរបស់នាយករដ្ឋមន្រ្តីជប៉ុន Yoshihide Suga សម្រាប់ប្រទេសនេះ។ លោក Suga បានធ្វើឱ្យការរស់ឡើងវិញនៅជនបទជាមូលដ្ឋានគ្រឹះនៃគោលនយោបាយរបស់គាត់ នៅពេលគាត់ចូលកាន់តំណែងនៅខែកញ្ញា ដោយសន្យានៅក្នុងសុន្ទរកថា កាលពីខែវិច្ឆិកា ដើម្បីជំរុញសេដ្ឋកិច្ចជនបទ ដោយការជំរុញវិស័យទេសចរណ៍ និងការលើកទឹកចិត្តដល់កំណែទម្រង់កសិកម្ម៕

អត្ថបទ៖ លីនី
ប្រភព៖ insider