កូនខ្មែរ ១រូប ជោគជ័យលើអាជីវកម្មច្នៃកាបូបចេញពីស្បែកគោ-ក្របីដោយប្រើដៃ សម្រាប់លក់នៅលើទីផ្សារ
អាជីវកម្ម September 28, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា យុវជនមួយរូបអាចច្នៃកាបូបចេញពីស្បែកគោ-ក្របីដោយប្រើដៃ កំពុងទទួលបានការគាំទ្រពីអតិថិជន សម្រាប់យកទៅប្រើប្រាស់ និងលក់បន្ត ខណៈដែលបច្ចុប្បនុ្នការកែច្នៃកាបូបដោយដៃមិនសូវមានអ្នកផលិតនោះទេ ។

យុវជន មុំ ភារុន ម្ចាស់អាជីវកម្មផលិតកាបូប ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនញ រាជធានីភ្នំពេញ បានប្រាប់វិទ្យុជាតិកម្ពុជាថា លោក បានចាប់របរផលិតកាបូបនេះ អស់រយៈពេលជាង៦ឆ្នាំមកហើយ ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់អ្នកប្រើប្រាស់ប្រចាំថ្ងៃ និងចង់លើកស្ទួយផលិតផលក្នុងស្រុកដោយច្នៃចេញពីដៃ ។

លោកបន្តថា សម្រាប់កាបូបផលិតដោយដៃនេះ គឺផ្ដោតលើការយកស្បែកក្រពើ ស្បែកគោ និងស្បែកក្របីមកផលិត និងបានសម្រិត សម្រាំងយកគុណភាពជាចម្បង។ លោកបានបន្ថែមថា មូលហេតុដែលលោក ចាប់យករបរនេះ ដោយសារតែលោក ស្រឡាញ់ ពិសេសគឺចង់ឲ្យប្រជាពលរដ្ឋខ្មែរបានដឹងថា ខ្មែរ គឺមានសមត្ថភាពក្នុងការផលិតកាបូបដោយដៃផ្ទាល់ មានគុណភាពខ្ពស់ មិនចាញ់ របស់នាំចូលទេ។

«ដោយសារខ្ញុំមើលឃើញថាទីផ្សារស្រុកខ្មែរយើង អ្នកធ្វើការដោយដៃមិនទាន់មានអ្នកផលិត ភាគច្រើនយើងនាំចូល ពីប្រទេសគេមក ខ្ញុំចង់បានជារបស់ខ្មែរស្នាដៃខ្មែរ ជាផលិតផលក្នុងស្រុកទើបខ្ញុំចាប់អាជីពនឹង ខ្ញុំមានសង្ឃឹមថា នឹងមានអ្នកគាំទ្រ ពីដំបូងមិនសូវមានទេ តែឥឡូវមានអ្នកគាំទ្រច្រើន»។

លោក បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមជួយគាំទ្រផលិតផលខ្មែរ ដែលខ្មែរយើងផលិតបាន ដើម្បីជាការលើកទឹកចិត្ត ដល់ប្រជាជន ឱ្យចូលរួមផលិតបន្ថែមទៀត ។

សូមបញ្ជាក់ថា អាជីវកម្មផលិតកាបូបនេះ គឺបានបង្កើតឡើងនៅឆ្នាំ២០១៤ ដោយមានសមាជិកចំនួន៥នាក់ និងមានផលិតរបស់កែច្នៃ រួមមាន៖ កាបូបស្ពាយនារី កាបូបដៃនារី កាបូបស្ពាយបុរសនិង ខ្សែក្រវាត់ មានតម្លៃចាប់ពី ៥ដុល្លារទៅ១០០ដុល្លារ តាមម៉ូតដែលបាន កុម្មង់៕

ប្រភព៖ ក្រសួងព័ត៌មាន