យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ដំណាំត្របែកគីមជូ នៅស្រុកស្អាង ខេត្តកណ្តាល កំពុងមានតម្រូវការទីផ្សារខ្លំាង ដោយសារតែវាមានរសជាតិស្រួយផ្អែមឆ្ងាញ់ ជាងត្របែកនៅខេត្តដ៏ទៃ។ លោកស្រី គាង លក្ខិណា ប្រជាកសិករដាំផ្លែត្របែកគីមជូ រស់នៅក្នុងភូមិព្រែកតាសៅ ស្រុកស្អាង ខេត្តកណ្ដាល បានប្រាប់វិទ្យុជាតិ កម្ពុជាថា ដំណំាត្របែកនៅក្នុងស្រុកនេះ កំពុងប្រមូលផលបានច្រើន សម្រាប់ផ្គត់ផ្គង់ក្នុងស្រុកផង និងនាំចេញទៅកាន់រាជធានី-ខេត្ត ផ្សេងៗផងដែរ ខណៈដែលឈ្មួញខ្លះ បានចុះទៅទិញដល់ចម្ការតែម្តង។
លោកស្រីបន្ថែមថា ផ្លែត្របែកគីមជូក្នុងស្រុកស្អាង មានរសជាតិឆ្ងាញ់ណាស់ ហើយវាគឺជាប្រភេទដំ់់ណាំធម្មជាតិ ដែលមិនមានប្រើប្រាស់ជីគីមីអ្វីទេ សំខាន់គឺវាមានអត្ថប្រយោជន៍ច្រើន ចំពោះសុខភាពមនុស្ស ពីព្រោះផ្លែត្របែកបានជួយបញ្ចុះកម្រិតជាតិស្ករក្នុងឈាម ជួយកាត់បន្ថយជំងឺបេះដូងនិងសម្រួលដល់ប្រព័ន្ធ រំលាយអាហារ ។
អ្នកស្រីបន្តថា ពូជត្របែកគីមជូ ដែលអ្នកស្រកកំពុងពេញនិយមដាំនេះ គឺនាំយកមកពីប្រទេសជិតខាង ងាយស្រួលដាំ មិនរើសសណ្ឋានដី ធន់នឹងអាកាសធាតុ ដើមទាបៗ ងាយស្រួលថែទាំ ងាយស្រួលប្រមូលផល កាន់ផ្លែបានច្រើន ចេញផ្កាផ្លែបន្តបន្ទាប់ សាច់ស្រួយ រសជាតិជូអែមឆ្ងាញ់ សាច់ច្រើន គ្រាប់តិច ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារខ្ពស់។ បន្ថែមពីនេះទៀតដំណាំត្របែកនេះ ដាំដុះរយៈ ពេលខ្លី ចាប់ពី៦ខែទៅ៨ខែទទួលផល មិនចំណាយថវិកាច្រើន និងមិនចំណាយពេលយូរឡើយ។ លោកស្រីបានបញ្ជាក់ថា ក្នុងមួយថ្ងៃ អាចប្រមូលផលផ្លែត្របែកបានពី៣០០គីឡូក្រាម ទៅ៤០០គីឡូក្រាម ។
ដោយសារតែត្របែកវាស្រួលថែទាំ បើយើងថែទាំបានល្អនិយាយទៅវាបានលុយរាល់ថ្ងៃ វាឲ្យផលរាល់ថ្ងៃ ឲ្យតែយើងកាត់ត្រួយ ដាក់ជី ឱ្យទឹក ថែទាំវាបានល្អ គឺវាហុចផលឲ្យយើងរហូត វាស្រួលថែទេវាធន់នឹងអាកាសធាតុមួយ វាមិនសូវមានសត្វ បំផ្លាញអីទេ ភាគច្រើនវាមានក្រាហើយនិងរោយស្វា បើក្រា ខ្ញុំប្រើតែប្រេងឆានិងសាប៊ូ សាប៊ូម្ស៉ៅ សាប៊ូលាងចាន យើងបាញ់លើត្របែក ហ្នឹងទៅ តែយើងត្រូវលាយទឹក បាញ់ទៅវាស្អាតហើយ ហើយខ្ញុំអត់ដែលប្រើថ្នាំពុលទេ ហើយខ្ញុំប្រើតែជីផ្លែឈើ ដែលខ្ញុំធ្វើខ្លួនឯងទេ។
លោកស្រី បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យជួយគាំទ្រផលិតផលដែលជាស្នាដៃររបស់កសិករខ្មែរ ហើយសូមកុំយល់ច្រឡំថា ផ្លែត្របែក ដែលវេចខ្ចប់នេះ ជាត្របែកដែលនាំចូលពីបរទេស ព្រោះបច្ចុប្បន្ននេះ កសិករយើងក៏មានការយល់ដឹង ពីរបៀបដាំ និងវេចខ្ចប់ឲ្យត្រឹមត្រូ វតាមស្តង់ដារដែរ។ សូមបញ្ជាក់ថា លោកស្រីបានចាប់យកការដាំផ្លែត្របែកគីមជូនេះ អស់រយៈពេលជិត៨ឆ្នាំមកហើយ លើផ្ទៃដី៥ហិកតា ស្មើនឹង១៥០០ដើម ហើយលក់ក្នុងតម្លៃបោះដុំ ១គីឡូក្រាម ៣៥០០រៀល និងលក់រាយ៥០០០រៀល ៕



ប្រភព៖ ក្រសួងព័ត៌មាន


