MC: សហគ្រាសមួយកន្លែងក្នុងខេត្តពោធិ៍សាត់បានកែច្នៃកែវក្រដាស បំពង់បឺត ធ្វើអំពីអង្ករខ្មែរ ដំឡូងនិងពោត ដើម្បីកាត់បន្ថយសំណល់ប្លាស្ទីក ខណៈដែលបច្ចុប្បន្នមានកំណើនប្រជាជនជាច្រើនកំពុងប្រើប្រាស់ ផលិតផលប្លាស្លីក នាំឲ្យប៉ះពាល់ដល់បរិស្ថាន។
អ្នកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម៖
លោកជំទាវ ទិត សុខុម ស្ថាបនិកសហគ្រាស កែច្នៃកែវក្រដាស និងបំពង់បឺត ដែលស្ថិតនៅក្នុង ភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា លោកជំទាវបានបង្កើតសហគ្រាសកែច្នៃកែវក្រដាស និងបំពង់បឺត ធ្វើពីអង្ករ ដំឡូង និងពោតនេះ កាលពីពាក់កណ្ដាលឆ្នាំ២០២០ ដើម្បីផ្គត់ផ្គង់សម្រាប់ប្រជាពលរដ្ឋ ទូទាំងខេត្ត និងនាំចេញទៅកាន់រាជធានី ខេត្ដផ្សេងៗទៀតក្នុងគោលបំណងចូលរួមចំណែក់លុបបំបាត់កាក សំណល់ប្លាស្ទីក នៅក្នុងប្រទេសផងដែរ។
លោកជំទាវបានបន្តថា សម្រាប់កែវក្រដាស និងបំពង់បឺតដែលច្នៃយកមកផលិតគឺផ្ដោតទៅលើ អង្ករខ្មែរ ដំឡូង ពោត និងវត្ថុធាតុដើមកាកអំពៅយកមកផលិត ដោយផ្ដោតលើគុណភាព អនាម័យជាចម្បង។
លោកជំទាវបានបញ្ជាក់បន្ថែមថា ដោយសង្កេតឃើញតាមបណ្តាប្រទេសជឿនលឿនមួយចំនួន បានយកចិត្តទុកដាក់ខ្ពស់ ទៅលើបញ្ហាសុខភាព អនាម័យ បរិស្ថាន ជាពិសេសដោយនៅពេលបច្ចុប្បន្ននេះកំណើនប្រជាជនដែលប្រើប្រាស់ផលិតប្លាស្ទីកមានចំនួនកាន់តែច្រើនឡើងដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងដោយសារមានទឹកចិត្តស្រឡាញ់ជាតិផងនោះ ទើបក្រុមការងាររបស់លោកជំទាវ បានបង្កើតសហគ្រាសនេះឡើង ដើម្បីការពារបរិស្ថាន និងដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចកម្ពុជា ។
លោកជំទាវក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋយើងចូលរួមលុបបំបាត់ការប្រើប្រាស់ផលិតផល ប្លាស្ទីក ដោយងាកមកគាំទ្រផលិតផលដែលខ្មែរយើងផលិតបាន ដើម្បីឲ្យទីក្រុងយើងស្អាតគ្មានសំណល់ប្លាស្ទីកដោយផ្អែកលើពាក្យស្លោកថា (បរិស្ថានស្អាត សេវាកម្មល្អ និងមានអនាម័យ)ប្រែក្លាយទៅជាទីក្រុងបៃតង។
សូមបញ្ជាក់ថា សហគ្រាសTk&D កែច្នៃកែវក្រដាស និងបំពង់បឺតនេះ បានបង្កើតឡើងអស់រយៈពេល១ឆ្នាំជាងមកហើយ ដោយបានផលិតរបស់កែច្នៃរួមមាន កែវក្រដាស បំពង់បឺត ចានប្រអប់ក្រដាសជាដើម៕



