មិនធម្មតា! ផ្សិតធម្មជាតិជាច្រើនប្រភេទ កំពុងផ្ដល់ចំណូលពី ១០ ទៅ១៥ លានរៀល ដល់ប្រជាពលរដ្ឋនៅស្រុកបន្ទាយស្រី
អាជីវកម្ម September 22, 2021 Khmernote

លោក សេង លន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ និងជាអ្នកគ្រប់គ្រងនៅ តំបន់ចម្ការពូជឈើគ្រញូង ក្នុងខេត្តសៀមរាប បានឱ្យដឹងនៅទី២១ ខែកញ្ញា ឆ្នាំ២០២១នេះថា ប្រជាពលរដ្ឋមួយចំនួននៅស្រុកបន្ទាយស្រី ស្រុកស្វាយលើ និងស្រុវ៉ារិន ខេត្តសៀមរាប ចាប់ផ្តើមទទួលផល (ផ្សិតក្ងោក ផ្សិតទន្សោង ផ្សិតកញ្ជោល និងមានផ្សិតផ្សេងៗជា ច្រើនទៀត) ដែលជាអនុផលព្រៃឈើ ពីតំបន់ចម្ការពូជឈើគ្រញូង នេះ​បើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។

លោកថា បន្ទាប់មានភ្លៀងធ្លាក់ជាប់គ្នានៅក្នុងអំឡុងដើមខែកញ្ញា ឆ្នាំ២០២១នេះ អំណោយផលដល់ផ្សិត ក្ងោក ផ្សិតទន្សោង ផ្សិតកញ្ជោល និងមានផ្សិតផ្សេងៗជាច្រើនទៀត ដុះចេញដោយធម្មជាតិក្នុងចម្ការពូជឈើគ្រញូង។ ដោយសារតែតំបន់នេះ ជាតំបន់ព្រៃ ត្រូវការពារ ដូច្នេះបងប្អូនប្រជាពលរដ្ឋដែលចូលមកប្រមូលផលផ្សិតទាំងនេះ គឺត្រូវទទួល បានការអនុញ្ញាតត្រឹមត្រូវ និងត្រូវទទួលបាននូវការការពារសុវត្ថិភាពពីក្រុមឆ្មាំ ការពារព្រៃផងដែរ។

លោកបន្តថា នៅតំបន់ចម្ការពូជឈើគ្រញូងនេះ ជារៀងរាល់ឆ្នាំឱ្យតែដល់រដូវវស្សាមាន ភ្លៀងធ្លាក់ជោគជាំផ្សិតចាប់ផ្តើមដុះ ហើយប្រជាពលរដ្ឋនៅជុំវិញនេះ បានសុំការអនុញ្ញាតពី មន្រ្តីជំនាញ ដើម្បីចូលទៅដកយកទៅបរិភោគ និងលក់បានកម្រៃសម្រាប់ជីវភាពគ្រួសារ របស់ពួកគាត់។ លោកថា ចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំនេះ ផ្សិតដុះច្រើន ជាងបណ្តាឆ្នាំមុនៗ និងមានប្រជាពលរដ្ឋក្នុង១ថ្ងៃប្រមាណជា ៨០ ទៅ ១០០នាក់ បានមក ទទួលអនុផលព្រៃឈើនេះផងដែរ។

ក្រុមប្រជាពលរដ្ឋដែលបានចូលមកប្រមូលផលផ្សិតនៅក្នុងព្រៃនោះ ពួកគេក្នុងម្នាក់ៗ អាចដកផ្សិតបានពី១០ទៅ ២០គីឡូក្រាម ហើយផ្សិតទាំងនោះពួកគាត់ទុកសម្រាប់ ហូបក្នុង គ្រួសារមួយចំនួន និងសម្រាប់លក់ខ្លះ ដោយលក់បានក្នុង១គីឡូក្រាម ១៥០០០រៀល ទៅ ២០០០០រៀល ដូច្នេះប្រជាពលរដ្ឋអាចរកចំណូលសរុប បានពីផ្សិតដែលអនុផលព្រៃនៅ ចម្ការពូជឈើគ្រញូង នៅអំឡុងចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំនេះ ក្នុង១ថ្ងៃ ពី១០ ទៅ១៥លានរៀល។

ហើយការដើរប្រមូលផ្សិតនេះពុំមែនដោយសារតែភាពក្រីក្របង្ខំឱ្យពួកគាត់មកបេះផ្សិតនោះទេ តែជាប្រពៃណីប្រចាំរដូវ ដែលពួកគាត់ត្រូវចូលមកប្រមូលផលនៅក្នុងព្រៃនេះ។ យ៉ាងណាក៏ដោយ អនុផលព្រៃឈើបានជួយទ្រទ្រង់ជីវភាពគ្រួសាររបស់ពួកគាត់ ហើយពួកគាត់ក៏ទទួលស្គាល់ដែរថា ការការពារព្រៃឈើ បានល្អទើបទទួលផលយ៉ាងដូច្នេះ៕

ប្រភព៖ ក្រសួងព័ត៌មាន