ក្រុមហ៊ុនអាកាសចរណ៍ជាតិឥណ្ឌូនេស៊ី អាចប្រឈមមុខនឹងការក្ស័យធន ខណៈបច្ចុប្បន្នកំពុងកាត់បន្ថយយន្តហោះយ៉ាងច្រើន
អាជីវកម្ម September 20, 2021 Khmernote

ក្រុមហ៊ុនអាកាសចរណ៍ Garuda Airline ដែលជាក្រុមហ៊ុនជាតិរបស់ប្រទេសឥណ្ឌូនេស៊ី ត្រូវបានគេរាយការណ៍ថា មានគម្រោងកាត់បន្ថយយន្តហោះធុនធំមួយចំនួន ខណៈដែលកំពុងរក្សា​ទុកយន្តហោះខ្នាតតូចរាប់សិបគ្រឿង ដើម្បីផ្ដោតលើក្រុមហ៊ុនបុត្រសម្ព័ន្ធតម្លៃថោករបស់ខ្លួន ឈ្មោះថា Citilinks។

គេហទំព័រ Flightglobal.com បានដកស្រង់សម្តីក្រុមហ៊ុនវិភាគទិន្នន័យអាកាសចរណ៍ Cirium ដោយនិយាយថា ក្រុមហ៊ុន Garuda កំពុងព្យាយាមកាត់បន្ថយយន្តហោះជិត ៨០ គ្រឿងពីកងនាវារបស់ខ្លួន ហើយចរចាឡើងវិញ ឬ លុបចោលការបញ្ជាទិញជាង ៩០ គ្រឿងផ្សេងទៀត។

ជាមួយគ្នានេះយោងតាមប្រភពនោះ Garuda ត្រូវបានគេរំពឹងថានឹងបង្កើតផែនការទូទាត់មួយ ដើម្បីអនុវត្តការរៀបចំរចនាសម្ព័ន្ធឡើងវិញនូវកិច្ចព្រមព្រៀងជួលយន្តហោះរបស់ក្រុមក៏ដូចជាបំណុលផ្សេងទៀត។ គួរឱ្យដឹងថា នៅឆមាសទី១ នៃឆ្នាំ ២០២១ Garuda Airline បានបន្តខាតបង់ប្រាក់ចំនួន ១២,៨៧០ ពាន់លានរូពី (៩០២ លានដុល្លារ) កើនឡើង ២៥% ពីមួយឆ្នាំទៅមួយឆ្នាំដោយសារតែការរឹតត្បិតការធ្វើដំណើរយូរ។ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចុងក្រោយរបស់ខ្លួន Garuda បាននិយាយថា ប្រាក់ចំណូលរបស់ខ្លួនបានធ្លាក់ចុះ ២៤% ពីមួយឆ្នាំទៅមួយឆ្នាំមកនៅត្រឹម ៦៩៦,៨ លានដុល្លារអាមេរិក ដែលក្នុងនោះចំណូលអ្នកដំណើរបានធ្លាក់ចុះជិតពាក់កណ្តាលដល់ ៣៧៥,៣ លានដុល្លារ៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus