ក្រុងហូជីមិញ បើកដំណើរការផ្សារបោះដុំធំមួយទៀតឡើងវិញ ក្រោយបិទអស់ជាង ២ខែ
អាជីវកម្ម September 20, 2021 Khmernote

ផ្សារបោះដុំរបស់ទីក្រុងហូជីមិញ មានឈ្មោះថា Hoc Mon នឹងបើកកន្លែងបោះទំនិញមួយឡើងវិញដែលចាប់ផ្តើមពីថ្ងៃច័ន្ទនេះ និងត្រូវបានគេរំពឹងថា នឹងផ្គត់ផ្គង់ដល់ទីក្រុងនូវបន្លែនិងផ្លែឈើចំនួន ១០០-២០០ តោនជារៀងរាល់ថ្ងៃ។ កន្លែងបោះទំនិញ ដែលមានអ្នកលក់ ១៦ នាក់បានចុះឈ្មោះដើម្បីដំណើរការ នឹងដំណើរការចាប់ពីម៉ោង ៨យប់ នេះបើយោងតាមឯកសារដែលចេញកាលពីថ្ងៃសៅរ៍ ដោយគណៈកម្មាធិការប្រជាជនស្រុក Hoc Mon។

លោក Nguyen Tien Dung នាយកក្រុមហ៊ុនផ្សារបោះដុំកសិកម្ម Hoc Mon បាននិយាយថា ការរៀបចំទាំងអស់ត្រូវបានបញ្ចប់សម្រាប់កន្លែងបោះទំនិញរបស់ផ្សារដើម្បីបើកដំណើរការឡើងវិញ។ លោកបានបន្ថែមថា ក្រុមប្រឹក្សាភិបាលនឹងធានាទាំងការការពារមេរោគឆ្លងនិងការផ្គត់ផ្គង់គ្រប់គ្រាន់ សម្រាប់ប្រជាពលរដ្ឋដែលអាចឱ្យពួកគេទិញផលិតផលក្នុងតម្លៃសមរម្យ។

គួរបញ្ជាក់ផងដែរថា ផ្សារ Hoc Mon ត្រូវបានផ្អាកចាប់តាំងពីចុងខែមិថុនា ដែលជាផ្នែកមួយនៃវិធានការត្រួតពិនិត្យមេរោគឆ្លង។ ផ្សារនេះ គឺជាទីផ្សារចុងក្រោយនៃផ្សារលក់ដុំទាំងបីរបស់ទីក្រុងហូជីមិញក្នុងការបើកកន្លែងទំលាក់ទំនិញឡើងវិញ។ ខណៈផ្សារបោះដុំចំនួន ២ ទៀតរួមមាន៖ Binh Dien និង Thu Duc បានបើកកន្លែងបោះទំនិញរបស់ពួកគេឡើងវិញកាលពីថ្ងៃទី ៧ និងថ្ងៃទី ១៧ ខែកញ្ញា កន្លងទៅនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress