ជូនជាដំណឹង! ក្រសួងពាណិជ្ជកម្មស្នើឱ្យសហគ្រាស-ក្រុមហ៊ុន ធ្វើប្រតិបត្តិការតាមប្រព័ន្ធ អេឡិចត្រូនិក មកដាក់ពាក្យសុំអាជ្ញាបណ្ណ មុនថ្ងៃទី១ ធ្នូ ឆ្នាំ២០២១
អាជីវកម្ម September 16, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១​ នេះបានឱ្យដឹងថា ក្រសួងពាណិជ្ជកម្ម បានស្នើឱ្យសហគ្រាសឯកបុគ្គល នីតិបុគ្គល និងក្រុមហ៊ុនធ្វើប្រតិបត្តិការ ពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិចត្រូនិក ត្រូវមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឱ្យបានមុនថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ ជាកំណត់។

យោងតាមសេចក្តីជូនដំណឹង ស្តីពីការផ្តល់លិខិតអនុញ្ញាត ឬ អាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលវិទ្យុជាតិកម្ពុជា ទទួលបានឱ្យដឹងថា ក្រោយពីក្រសួងសង្កេតឃើញថា សហគ្រាស ក្រុមហ៊ុនដែលបាននិងកំពុង ធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិចត្រូនិកមួយចំនួនធំ ពុំទាន់បានមកធ្វើការស្នើសុំលិខិតអនុញ្ញាត ឬ អាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅឡើយ។ ដូចហេតុនេះ ក្រសួងពាណិជ្ជកម្ម ស្នើឱ្យសហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេសទាំងអស់ ដែលបានធ្វើប្រតិបត្តិការ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មេត្តារួសរាន់មកដាក់ពាក្យ ស្នើសុំលិខិតអនុញ្ញាត ឬ អាជ្ញាបណ្ណពាណិជ្ជកម្មតាម ប្រព័ន្ធអេឡិចត្រូនិក ឱ្យបានមុន ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ជាកំណត់។

សេចក្តីជូនដំណឹងដដែលបន្ថែមថា ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ នេះតទៅ សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេស ដែលធ្វើប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដោយគ្មានលិខិតអនុញ្ញាត ឬ អាជ្ញាបណ្ណ នឹងត្រូវទទួលការផាកពិន័យជាប្រាក់ ឬ បញ្ឈប់សកម្មភាពអាជីវកម្ម ឬប្រឈមនឹងវិធានការនានា ដូចមានចែងក្នុងលិខិតបទដ្ឋានច្បាប់ជាធរមាន ៕

ប្រភព៖ ក្រសួងព័ត៌មាន