កសិករខេត្តត្បូងឃ្មុំ ជោគជ័យលើការដាំបន្លែក្នុងផ្ទះសំណាញ់ ហើយអាចរកចំណូលបានក្រែលពីរបរនេះ
អាជីវកម្ម September 16, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា កសិករខេត្តត្បូងឃ្មុំ បានបង្ហាញអារម្មណ៏រីករាយ ក្រោយទទួលបានជោគជ័យលើការដាំបន្លែក្នុងផ្ទះសំណាញ់ ទោះបីស្ថិតក្នុងរដូវវស្សាក៏ដាំបន្លែសុវត្ថិភាពបានដោយទំនុកចិត្តនិងទទួលបានទិន្នផលល្អ មិនបារម្ភសត្វល្អិតចង្រៃយាយីដំណាំឡើយ។

លោក ទី គា ជាកសិកររស់នៅភូមិសុក្រំជ្រំ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានប្រាប់វិទ្យុជាតិកម្ពុជាថា បច្ចុប្បន្ននេះលោកបាន ដាំបន្លែក្នុងផ្ទះសំណាញ់ មានដូចជាស្ពៃក្រញាញ់ និងខាត់ណាដើម លើផ្ទៃដី ១០ម៉ែត្រគុណនឹង៣៦ម៉ែត្រ គាំទ្រដោយកម្មវិធី បច្ចេកទេសកសិកម្មថ្មី ដែលធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ។

លោកបន្តថា បន្លែសុវត្ថិភាពក្នុងរោងសំណាញ់របស់លោក ចាប់ផ្ដើមប្រមូលផលជាបណ្ដើរៗ ហើយ ដោយស្ពៃក្រញាញ់ និងខាត់ណាមានតម្លៃដូចគ្នាគឺក្នុង១គីឡូក្រាម ៤០០០រៀល ហើយទទួលបានបរិមាណ ខ្ពស់ចន្លោះពី ៣០០គីឡូក្រាមទៅ ៤០០គីឡូក្រាម ដែលអាចទទួលចំណូលបានពី ៨០០,០០០រៀល ទៅ១,០០០,០០០រៀលក្នុងវដ្តដំណាំ។

លោកបន្តទៀតថា ការដាំបន្លែនៅក្នុងផ្ទះសំណាញ់មានភាពងាយស្រួល សន្សំសំចៃទឹក ជី កាត់បន្ថយកម្លាំងពលកម្ម និងទប់ស្កាត់បាននូវ សត្វចង្រៃគ្រប់ប្រភេទធ្វើឲ្យដំណាំលូតលាស់បានល្អមានសុវត្ថិភាព និងស្របតាមស្តង់ដារទីផ្សារផងដែរ។ «ការដាំបន្លែក្នុងរោងសំណាញ់មិនសូវក្តៅខ្លាំង មិនមានការខូច មិនមានការរលួយដូចនៅខាងក្រៅ ការដាំបន្លែក្នុងសម័យ ទំនើបនេះ មានអារម្មណ៍ថាងាយស្រួលដាំហើយងាយស្រួលធ្វើទៀតវាមិនមានសត្វល្អិតចូលសោះ»។

លោកបានបញ្ជាក់ថា ការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់នេះ ទទួលបានការបណ្ដុះបណ្ដាលពីមន្ទីរកសិកម្មខេត្តទាំងរបៀបដាំដុះ របៀបថែទាំ និងការស្វែងរកទីផ្សារជាដើម ធ្វើយ៉ាងណាឲ្យបន្លែទាំងអស់នោះ ដាំតាមបែបធម្មជាតិមានសុវត្ថិភាពទៅដល់អ្នកបរិភោគ៕

ប្រភព៖ ក្រសួងព័ត៌មាន