ម៉ាឡេស៊ី អនុញ្ញាតឱ្យអាជីវកម្មចំនួន ១១ ប្រភេទ បើកឡើងវិញ ដើម្បីពន្លឿនការងើបឡើងវិញនៃសេដ្ឋកិច្ច និងជួយប្រជាជនលើកកម្ពស់ជីវភាពរស់នៅ
អាជីវកម្ម September 16, 2021 Khmernote

នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Ismail Sabri Yaakob បាននិយាយនៅថ្ងៃទី ១៤ ខែកញ្ញាថា វិស័យអាជីវកម្មជាច្រើនទៀតនឹងត្រូវបានអនុញ្ញាតឱ្យបើកឡើងវិញ ដោយសារការបិទប្រទេសទប់ស្កាត់ជំងឺកូវីដ-១៩ មិនអាចធ្វើទៅបានទៀតទេ ចំពេលមានការភ័យខ្លាចថា សេដ្ឋកិច្ចអាចមានផលអវិជ្ជមានច្រើន។

លោកបានមានប្រសាសន៍ថា៖ «ការបើកឡើងវិញនូវវិស័យអាជីវកម្មចំនួន ១១ នៅក្នុងរដ្ឋ ដែលស្ថិតនៅក្រោមដំណាក់កាលទី១ នៃផែនការស្តារជាតិឡើងវិញ គឺសមស្របដោយសារអត្រាចាក់វ៉ាក់សាំងខ្ពស់នៅក្នុងរដ្ឋ »។ លោកបានបន្ថែមថា ការបើកវិស័យសេដ្ឋកិច្ចឡើងវិញមិនត្រឹមតែជួយពន្លឿនការងើបឡើងវិញនៃសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងផ្តល់ឱកាសដល់ប្រជាជនក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេផងដែរ។

គួរឱ្យដឹងថា អាជីវកម្មដែលសិទ្ធិបើកឡើងវិញ រួមមាន សេវាកម្មលាងរថយន្ត, ផ្សារទំនើបលក់ឧបករណ៍អេឡិចត្រូនិក , ហាងលក់សំភារៈប្រើប្រាស់ក្នុងផ្ទះនិងផ្ទះបាយ , ហាងលក់គ្រឿងសង្ហារឹម, ហាងលក់សម្ភារៈកីឡា , ហាងលក់គ្រឿងបន្លាស់រថយន្ត , មជ្ឈមណ្ឌលលក់និងចែកចាយរថយន្ត , ផ្សារពេលព្រឹកនិងទីផ្សារកសិផល , ហាងលក់សំលៀកបំពាក់ ម៉ូតនិងគ្រឿងតុបតែង , ហាងលក់មាស , ហាងកាត់សក់ , ក៏ដូចជាមជ្ឈមណ្ឌលថែរក្សាសម្ផស្ស៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus