មិនធម្មតា! កូនខ្មែរ ១រូប បង្កាត់ពូជរុយក្នុងស្រុកដោយខ្លួនឯង ចិញ្ចឹមយកពងដង្កូវលក់បានតម្លៃ ៨០០ដុល្លារ ទៅ ១០០០ដុល្លារក្នុង ១គីឡូក្រាម
អាជីវកម្ម September 15, 2021 Khmernote

ម្ចាស់កសិដ្ឋានចិញ្ចឹមរុយយកពងដង្កូវ នៅខេត្តកំពង់ឆ្នាំងមួយកន្លែងបានឱ្យដឹងថា ការចិញ្ចឹមរុយយកពងដង្កូវនៅខេត្តកំពង់ឆ្នាំងទទួលបានការគាំទ្រច្រើនពីកសិករចិញ្ចឹមសត្វ ដើម្បីយកទៅឱ្យចំណីសត្វដែលមានប្រូតេអ៊ីនខ្ពស់ សត្វស៊ីឆាប់ធំលឿន នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។

លោក ប៊ុន ចាន់វិរ: ជាម្ចាស់កសិដ្ឋានមួយកន្លែង ស្ថិតនៅភូមិខ្វិតទួលឃ្លាំង ឃុំក្បាល ទឹក ស្រុកទឹកផុស ខេត្តកំពង់ ឆ្នាំង បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកបានសិក្សាស្វែង យល់ពីបច្ចេកទេសក្នុងការចិញ្ចឹមរុយយកដង្កូវធ្វើជាចំណីសត្វនេះ រយៈពេល ៣ឆ្នាំជាងមកហើយ ដើម្បីជួយសម្រួលដល់ការកាត់បន្ថយចំណាយរបស់ប្រជាកសិករដែលចិញ្ចឹមសត្វគ្រប់ប្រភេទមានមាន់ ទា ត្រី និងសត្វត្រចៀកកាំជាដើម។ ក្រៅពីនេះ ពពួកសត្វរុយទាំងនោះក៏បានចូលរួមសម្អាតបរិស្ថាន ជួយកាត់បន្ថយការយកត្រីធម្មជាតិនៅក្នុងបឹង ទន្លេធ្វើជាម្សៅប្រូតេអ៊ីនជាចំណីត្រី។

លោកបានបន្តថា សម្រាប់ការចិញ្ចឹមរុយនេះមានច្រើនវិធីសាស្រ្តក្នុងការចិញ្ចឹមវាអាស្រ័យទៅលើខ្នាតដែលយើងចង់ចិញ្ចឹមបែបលក្ខណៈគ្រួសារ ឬក៏លក្ខណៈអាជីវកម្ម បើសិនជាយើងចង់ចិញ្ចឹមជាលក្ខណៈគ្រួសារយើងអាច ប្រមូលកាកសំណស់នៅក្នុងផ្ទះយកមកធ្វើជាចំណីវាបាន ប៉ុន្តែបើជាលក្ខណៈខ្នាតអាជីវកម្ម បងប្អូនអាចសហការជាមួយអាជ្ញាធរមួលដ្ឋាន ដើម្បីងាយស្រួលអាចប្រមូលសំរាម ឬកាកសំណល់ផ្សេងៗបាន ដោយមិនចាំបាច់ចំណាយពេលវេលាច្រើន។

លោកបានបញ្ជាក់បន្ថែមថា រុយដែលលោកចិញ្ចឹមនេះ ជាពូជរុយក្នុងប្រទេសយើង ដែលលោកបានបង្កាត់ពូជដោយផ្ទាល់ យកមកចិញ្ចឹមទៅជាដង្កូវ ដើម្បីធ្វើជាចំណីសត្វ ឬក៏អាចហៅបានថា ជាម្សៅប្រូតេអ៊ីន ដែលភាគច្រើនគេផលិតចេញពីសាច់ត្រី ឬសណ្ដែកសៀង។

សម្លេង៖ « អាដង្កូវដែលជាពងរបស់វានឹងគឺយើងចិញ្ចឹមធ្វើជាចំណីសត្វ សម្រាប់ឱ្យសត្វស៊ីជំនួសម្សៅត្រី ឬក៏អាចនិយាយបានថា ជំនួសម្សៅប្រូតេអ៊ីន ហើយម្សៅប្រូតេអ៊ីន នឹងវាអាចបានមកពីត្រី ឬក៏សណ្តែកសៀង ឬក៏អាចមកពីម្សៅផ្សេងៗទៀត ដែលមានប្រូតេអ៊ីនខ្ពស់ តែធំជាងគេដែលប្រើប្រាស់ក្នុងការចិញ្ចឹមត្រី ចិញ្ចឹមមាន់ ឬក៏សត្វមួយ ចំនួនទៀត គឺគេយកម្សៅត្រី ហើយបញ្ហារបស់ម្សៅត្រី ជាទូទៅគេចាប់នៅបឹងទន្លេធម្ម ជាតិ យកមកធ្វើជាម្សៅត្រី ដើម្បីយកមកធ្វើជាចំណីសត្វ» ។

សូមបញ្ជាក់ថា កសិដ្ឋានចិញ្ចឹមរុយរបស់ លោក ប៊ុន ចាន់វិរៈ បានប្រមូលផលរៀងរាល់ ២សប្តាហ៍ម្តង សម្រាប់ធ្វើជាចំណីសត្វ។ សម្រាប់តម្លៃពងដង្កូវ គឺអាចលក់បាន មួយគីឡូក្រាមថ្លៃចាប់ពី៨០០ដុល្លារ ទៅ ១០០០ដុល្លារ និងដង្កូវក្បាលខ្មៅដែលវាត្រៀមញាស់ទៅជារុយក្នុងមួយគីឡូក្រាមតម្លៃ ១៥ដុល្លារ៕

ប្រភព៖ ក្រសួងព័ត៌មាន