ផ្សារសាមគ្គី ខេត្តស្ទឹងត្រែង ត្រូវបានអាជ្ញាធរខេត្ត អនុញ្ញាតឱ្យបើកយដំណើរការលក់ដូរឡើងវិញហើយ
អាជីវកម្ម September 13, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា កាលពីនៅថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០២១ អាជ្ញាធរខេត្តស្ទឹងត្រែងបានចេញនូវសេចក្តីសម្រេចបើកផ្សារឱ្យបងប្អូនអាជីវករលក់ដូរធម្មតាវិញហើយ បន្ទាប់ពីបិទខ្ទប់អស់រយៈពេលបីសប្តាហ៍កន្លងមកដើម្បីយើងបង្ការជំងឺឆ្លងកូវីដ១៩ (ប្រភេទដែលតា)កុំឲ្យមានការឆ្លងរីករាលដាល ។

លោកវេជ្ជបណ្ឌិតអ៊ុងសូវៀតប្រធានមន្ទីរសុខាភិបាល បាន អំពាវនាវ សូមឱ្យបងប្អូនប្រជាពលរដ្ឋយើងម្នាក់ៗ បន្តចូលរួមអនុវត្តនូវវិធានការ(បីការពារ-បីកុំ)ដើម្បីរួមគ្នាបញ្ចៀសកុំឱ្យមានការឆ្លងរីករាលដាលជំងឺកូវីដ១៩ សាជាថ្មីទៀត នៅពេលបើកផ្សារឱ្យដំណើរការឡើងវិញនេះ ។

លោក ច័ន្ទគីម ឈុន ប្រធានគណកម្មការផ្សារសាមគ្គីបានបញ្ជាក់ថា៖លោកបានណែនាំបងប្អូនជារឿយៗមកហើយ ឱ្យពួកគាត់រក្សាគម្លាតសង្គម -ពាក់ម៉ាស់- និងបាញ់អាល់កុលផងដែរ។ លោកថា៖សារអប់រំនេះមានបងប្អូនភាគច្រើនបានចូលរួមអនុវត្តបានល្អ តែមួយចំនូននៅមិនទាន់អនុវត្តនៅឡើយទេ នេះជាបញ្ហាប្រឈមមួយប្រសិនជាផ្ទុះជំងឺនេះឡើងម្តងទៀតយើងពិតជាពិបាកគ្រប់គ្រង។

លោកស្រី ហេង ណារី ប្រជាពលរដ្ឋអ្នកលក់ចំណីអាហារ នៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងខេត្តស្ទឹងត្រែង បានសាទរចំពោះអាជ្ញាធរខេត្តដែល បានអនុញាតឱ្យបងប្អូនប្រជាពលរដ្ឋយើងបានប្រកបរបរលក់ដូរឡើងវិញ ដូច្នេះចូរបងប្អូនចូលរួមអនុវត្តតាមការណែនាំឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា។

សូមបញ្ជាក់ថា ផ្សារសាមគ្គីបានបិទការលក់ដូរកាលពីថ្ងៃទី១៧ ខែសីហា កន្លងមក ដោយសារការឆ្លងរីករាលដាលជម្ងឺកូវីដ១៩ ប្រភេទដែលតា ហើយទើបបានបើកឱ្យលក់ដូរវិញនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ៕

ប្រភព៖ ក្រសួងព័ត៌មាន