ព្រោះតែរឿង ២នេះ ធ្វើឱ្យក្រុមហ៊ុនផលិតរថយន្តលក់ដាច់បំផុតនៅលើពិភពលោកកាត់បន្ថយផលិតកម្មបន្ថែមទៀត
អាជីវកម្ម September 13, 2021 Khmernote

Toyota ដែលជាក្រុមហ៊ុនផលិតរថយន្តលក់ដាច់បំផុតនៅលើពិភពលោកបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួន នឹងកាត់បន្ថយផលិតកម្មបន្ថែមទៀតនៅក្នុងប្រទេសជប៉ុន និងនៅបរទេស ដោយសារតែការរំខានពីជំងឺរាតត្បាតដែលនៅតែបន្តកើតមាន និងបញ្ហាកង្វះឈឺបសាកល។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរបស់ Bangkok Post បានឱ្យដឹងថា​ ក្រុមហ៊ុនផលិតរថយន្តជប៉ុននេះ នឹងកាត់បន្ថយទិន្នផលចំនួន ៧០,០០០ គ្រឿងនៅខែកញ្ញា និង ៣៣០,០០០ គ្រឿងនៅក្នុងខែតុលា ដោយបន្ថែមថាការផ្លាស់ប្តូរនេះនឹងកាត់បន្ថយការផលិតប្រចាំឆ្នាំ ដែលបានព្យាករសម្រាប់ឆ្នាំសារពើពន្ធដែលបញ្ចប់នៅខែមីនាឆ្នាំ ២០២២ មកត្រឹម ៩ លានគ្រឿង។

ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ហេតុផលសំខាន់ៗសម្រាប់ការកែសម្រួលផលិតកម្មរួមមានការធ្លាក់ចុះនៃប្រតិបត្តិការនៅក្រុមហ៊ុនផ្គត់ផ្គង់ក្នុងស្រុកមួយចំនួនដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ នៅអាស៊ីអាគ្នេយ៍ និងផលប៉ះពាល់នៃការផ្គត់ផ្គង់ឧបករណ៍អេឡិចត្រូនិកដែលកាន់តែតឹងរឹង»។

គួរបញ្ចាក់ផងដែរថា ការកាត់បន្ថយការផលិតបន្ថែមទៀតនេះ កើតឡើងបន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តនេះបានប្រកាសម្ដងរួចមកហើយកាលពីខែមុនថា នឹងកាត់បន្ថយ ៤០% នៃការផលិតនៅខែកញ្ញាដែលស្មើនឹង ៣៦០,០០០ គ្រឿង។ ទោះបីជាយ៉ាងណាក្ដី ការផ្លាស់ប្តូរនេះមិនប៉ះពាល់ដល់ការព្យាករណ៍ប្រាក់ចំណូលប្រតិបត្តិការពេញមួយឆ្នាំរបស់ក្រុមហ៊ុនឡើយ។ ទន្ទឹមនឹងនេះ គូប្រជែងរបស់ Toyota ក៏ត្រូវបានបង្ខំឱ្យពន្យារពេល ឬ បញ្ឈប់ការផលិតជាបណ្តោះអាសន្នដែរ ដោយសារតែកង្វះបន្ទះឈីប៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost