ចូលទឹកដីកម្ពុជាមិនទាន់បានប៉ុន្មានផង ក្រុមហ៊ុន Big C ត្រៀមបង្កើនការវិនិយោគពង្រីកអាជីវកម្ម ដើម្បីក្លាយជាអ្នកលក់រាយលំដាប់ទី១ នៅកម្ពុជា
អាជីវកម្ម September 11, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា Big C Supercenter Plc គ្រោងនឹងបង្កើនការវិនិយោគដើម្បីពង្រីកអាជីវកម្មលក់រាយរបស់ខ្លួន នៅកម្ពុជាក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះ។ លោក Gary Hardy ប្រធានផ្នែកប្រតិបត្តិការបានមានប្រសាសន៍ថា៖ « ជាមួយនឹងផែនការ ៥ ឆ្នាំរបស់យើង យើងមានបំណងក្លាយជាអ្នកលក់រាយលេខ ១ នៅកម្ពុជាទាក់ទងនឹងតម្លៃ ទំហំនិងការយល់ឃើញក្នុងចំណោមអតិថិជនកម្ពុជា»។

លោកបានបន្តទៀតថា ក្រុមហ៊ុនគ្រោងនឹងបើកហាង Big C រាប់រយនៅក្នុងទំហំ និងទំរង់ខុសៗគ្នានៅក្នុងទីក្រុងភ្នំពេញ និងទីក្រុងធំ ៗ តាមបណ្ដាខេត្តផ្សេងទៀតដូចជា សៀមរាបនិងបាត់ដំបង ក្នុងទម្រង់ជា ផ្សារធំ ផ្សារទំនើប និង Mini Big C។ ប្រធានផ្នែកប្រតិបត្តិការរូបនេះបានបន្ថែមទៀតថា ប្រទេសកម្ពុជា គឺជាប្រទេសទី៣ នៅអាស៊ីអាគ្នេយ៍ដែល Big C បានពង្រីកអាជីវកម្ម បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងប្រទេសថៃ និងឡាវ។

ទន្ទឹមនឹងនេះ លោកបានបន្តថា ភស្តុភារនិងសង្វាក់ផ្គត់ផ្គង់មានភាពងាយស្រួលក្នុងការអភិវឌ្ឍន៍ ដោយឆ្លងកាត់ព្រំដែនពីបាងកកទៅប៉ោយប៉ែត និងវៀតណាមទៅភ្នំពេញ។ ជាមួយគ្នានេះប្រហែល ៨០% នៃផលិតផលនៅ Mini Big C ភ្នំពេញត្រូវបាននាំចូលពីប្រទេសថៃដោយមានផលិតផលក្នុងស្រុក ២០%។

មិនតែប៉ុណ្ណោះលោកបានលើកឡើងថា ទីផ្សារលក់រាយនៅកម្ពុជាមានភាពទាក់ទាញ ដោយការអភិវឌ្ឍន៍របស់ Big C ក្នុងប្រទេសកម្ពុជា ស្តាប់ទៅដូចប្រទេសថៃកាលពី ២០ឆ្នាំមុន នៅពេលដែលមនុស្សផ្លាស់ប្តូរពីការដើរទិញឥវ៉ាន់នៅផ្សារត្រី មកជាបណ្តាញលក់រាយទំនើប។ លើសពីនេះទៅទៀត នៅកម្ពុជាមិនទាន់ទីផ្សារបណ្ដាញលក់រាយលេចធ្លោនៅទីនោះទេ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Big C Supercenter Plc បានពង្រីកអាជីវកម្មលក់រាយរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដោយបើកផ្សារទំនើប Big C ដំបូងគេនៅទីក្រុងប៉ោយប៉ែតជាប់ព្រំដែនកាលពីប៉ុន្មានឆ្នាំមុន។ ហើយថ្មីៗនេះ Big C បានបើកហាង Mini Big C ដំបូងបង្អស់របស់ខ្លួនក្នុងរាជធានីភ្នំពេញ៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost