ក្រុមហ៊ុន ផ្លូវដែកដឹកទំនិញជប៉ុន សម្រេចបើកការិយាល័យក្នុងក្រុងបាងកកប្រទេសថៃ ដែលនឹងជួយឱ្យការដឹកទំនិញក្នុងស្រុករបស់ទាំងប្រទេសពីរកាន់តែល្អប្រសើរ
អាជីវកម្ម September 10, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា ក្រុមហ៊ុន Japan Freight Railway Co ដែលជាក្រុមហ៊ុន ផ្លូវដែកដឹកទំនិញជប៉ុន បានបើកការិយាល័យតំណាងនៅទីក្រុងបាងកក ដើម្បីពង្រីកការសិក្សាអំពីឱកាសអាជីវកម្មនៅប្រទេសថៃ។

ក្រុមហ៊ុននៅក្នុងក្រុមផ្លូវដែកជប៉ុនបាននិយាយថា ខ្លួនទទួលបានការយល់ព្រមពីរដ្ឋាភិបាលនៅថ្ងៃទី២ ខែកញ្ញា សម្រាប់ការបើកការិយាល័យដែលជាការិយាល័យដំបូងរបស់ខ្លួននៅខាងក្រៅប្រទេសជប៉ុននៅសង្កាត់ Wattana ដោយមានបុគ្គលិកជនជាតិជប៉ុនពីរនាក់ រួមទាំងបុគ្គលិកជនជាតិថៃជាច្រើនទៀត។ ការិយាល័យថ្មីនេះ អាចឱ្យក្រុមហ៊ុនប្រមូលព័ត៌មាន និងធ្វើសកម្មភាពផ្សេងៗបានទូលំទូលាយជាងពេលមុន ដោយទាញយកអត្ថប្រយោជន៍ពីរបៀបដំណើរការ និងថែទាំរបស់ខ្លួននាពេលបច្ចុប្បន្ន។

គួរឱ្យដឹងថា Japan Freight Railway បានផ្តល់ការគាំទ្រដល់សេវាកម្មផ្លូវដែកដឹកទំនិញក្នុងស្រុកចាប់តាំងពីឆ្នាំ ២០១៥ ក្រោមកិច្ចព្រមព្រៀងរវាងអាជ្ញាធរដឹកជញ្ជូនជប៉ុន និងថៃ ខណៈកំពុងស្វែងរកកន្លែងឈរជើងនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍។ ជាមួយគ្នានេះ រដ្ឋាភិបាលថៃ កំពុងពិចារណាផ្តល់សម្បទានប្រតិបត្តិការដល់អង្គភាពឯកជន ខណៈកំពុងជួសជុលហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនឡើងវិញ ស្របពេលដែលខ្លួនគ្រោងនឹងរៀបចំរចនាសម្ព័ន្ធប្រព័ន្ធផ្លូវដែកដំណើរការដោយរដ្ឋ ដែលជាវិធានការមួយដែលអាចបើកផ្លូវសម្រាប់ការពង្រីកអាជីវកម្មធំៗ របស់ក្រុមហ៊ុនដឹកជញ្ជូនផ្លូវដែកជប៉ុន៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost