ហូជីមិញ ពិចារណាបើកផ្សារបោះដុំដ៏ធំបំផុតប្រចាំក្រុងឡើងវិញ ដើម្បីប្រមូលផ្តុំនិងចែកចាយទំនិញ
អាជីវកម្ម September 8, 2021 Khmernote

អាជ្ញាធរទីក្រុង ហូជីមិញ កំពុងពិចារណាដើម្បីអនុញ្ញាតឱ្យផ្សារលក់ដុំ Binh Dien ដែលជាផ្សារបោះដុំដ៏ធំបំផុតនៅសង្កាត់ទី៨ ក្រុងហុជីមិញបើកឡើងវិញ។ មន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មក្រុងបាននិយាយនៅថ្ងៃអង្គារនេះថា មានតែអ្នកលក់បោះដុំដែលបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ យ៉ាងហោចណាស់ ដូសទី១ ប៉ុណ្ណោះ ពោលគឺមិនអនុញ្ញាតសម្រាប់អ្នកលក់រាយឡើយ។

មន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មក្រុង បានឱ្យដឹងទៀតថា អ្នកលក់ដែលបានជាសះស្បើយពីជំងឺ កូវីដ-១៩ គួរតែត្រូវបានលើកទឹកចិត្តជាពិសេសឱ្យត្រលប់ទៅធ្វើការលក់ដូរវិញ។ ជាមួយគ្នានេះ នៅពេលបើកឡើងវិញ អ្នកលក់ទាំងអស់ត្រូវធ្វើតេស្តជាប្រចាំ ហើយផ្សារទាំងមូលត្រូវធ្វើការសម្លាប់មេរោគជារៀងរាល់ថ្ងៃ ខណៈរថយន្តដឹកទំនិញទាំងអស់ដែលចូល និងចេញពីទីផ្សារត្រូវតែត្រូវបានសម្លាប់មេរោគ។

គួរបញ្ជាក់ផងដែរថា សេចក្តីថ្លែងការណ៍របស់ មន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មក្រុង បានធ្វើឡើងបន្ទាប់ពីរដ្ឋបាលទីក្រុងបានប្រកាសកាលពីថ្ងៃច័ន្ទថា ខ្លួនកំពុងពិចារណាបើកដំណើរការផ្សារ Binh Dien ក្នុងគោលបំណងតែមួយគត់ដើម្បីប្រមូលផ្តុំនិងចែកចាយទំនិញដែលនាំចូលពីតំបន់ផ្សេងៗ ខណៈផ្សារនេះត្រូវបានបិទតាំងពីថ្ងៃទី៦ ខែកក្កដាបន្ទាប់ពីរាតត្បាតដោយជំងឺកូវីដ-១៩៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress