ដើមទ្រាំង កំពុងជួយដល់ប្រជាកសិករខេត្តព្រះវិហារឱ្យនៅតែរកចំណូលបានក្នុងវិបត្តិកូវីដ តាមរយៈការច្នៃជាសម្ភារប្រើប្រាស់លក់លើទីផ្សារ
អាជីវកម្ម September 8, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា សហគមន៍ចំនួន៤ ក្នុងខេត្តព្រះវិហារ នៅតែរកចំណូលបានច្រើន ពីការកែច្នៃដើមទ្រាំងជាសម្ភារប្រើប្រាស់ ខណៈដែលមុខរបរមួយនេះអាចឲ្យប្រជាកសិកររកប្រាក់បានបន្ថែមពីការធ្វើស្រែចម្ការ។ លោក មាស ហឿ ប្រធានសហគមន៍កែច្នៃទ្រាំងសង្កែនៅខេត្តព្រះវិហារ បានឲ្យដឹងថា ការរកប្រាក់ចំណូលបន្ថែម ពីការកែច្នៃចេញពីអនុផលព្រៃឈើ វាមានសារសំខាន់ណាស់សម្រាប់ប្រជាកសិករ នៅក្នុងសហគមន៍តំបន់ការ ពារធនធានធម្មជាតិ ក្នុងខេត្តព្រះវិហារ ដោយបច្ចុប្បន្ននេះ មានសហគមន៍ចំនួន៤ ដូចជា ៖ សហគមន៍សង្កែ សហគមន៍ឆែបលិច សហគមន៍ឆែបកើត និងសហគមន៍ឆែបក្រសាំង បាននិងកំពុងមមាញឹក ផលិតរបស់ប្រើប្រាស់ ចេញពីដើមទ្រាំង សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ បើទោះបីជាកម្ពុជាយើងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ យ៉ាងណាក្តី ក៏អតិថិជននៅតែបញ្ជាទិញច្រើន។

លោកបានបន្តថា ទ្រាំងគឺជាអនុផលព្រៃឈើ ដែលបានរួម ចំណែកជួយដល់ជីវភាពរបស់សហគមន៍ ព្រមទាំងការងារអភិរក្សធនធនធានធម្មជាតិ ដែលក្នុងនោះប្រជាកសិករ បានទាញយកប្រយោជន៍ចេញពីដើមទ្រាំងយ៉ាងសកម្មរាល់ថ្ងៃ ដោយបានច្នៃចេញជា ចង្កឹះ វែកបាយ កន្ទេល ឈើ ច្រត់ស្មុគជាដើម ដើម្បីលក់ចេញទៅលើទីផ្សារ ហើយបានក្លាយជារបរមួយបន្ថែមទៀត សម្រាប់ជួយទ្រទ្រង់ជីវភាពគ្រួសារ និងសហគមន៍ផ្ទាល់ក្នុងកិច្ចការអភិរក្សធន ធានធម្មជាតិ។

«សព្វថ្ងៃបើគិតពីតម្លៃវាសមរម្យវាសមនឹងកម្លាំងពលកម្មនិងការកែច្នៃព្រមទាំងធនធានរបស់យើងដែលវាមាននៅក្នុងភូមិសាស្រ្តជាពិសេសនៅក្នុងព្រៃសហ គមន៍យើងអ៊ីចឹងទេបើគិតជាតម្លៃនៃការលក់ចេញកន្លងមកនេះវាសមរម្យហើយអាចទទួលយកបាន។មួយវិញទៀតបើការកែច្នៃវាក៏សកម្មផងដែរហើយប្រជា ពលរដ្ឋក្នុងភូមិពីមុនមានមុខរបរផ្សេងៗជាច្រើនខ្លះក៏ទៅ ក្រៅប្រទេសខ្លះក្រៅស្រុកហើយខ្លះស៊ីឈ្នួលអីផ្សេងៗក្រៅការធ្វើស្រែចំការ តែឥឡូវដល់ស្រុកទេសយើងវាអ៊ីចឹងទៅគាត់អត់សូវហ៊ានទៅណាគាត់នាំគ្នាបែរមកកែច្នៃផលិត ផលចេញពីទ្រាំងហ្នឹងគឺដើម្បីបានប្រាក់ចំណូលបន្ថែមទៀតសម្រាប់ផ្គត់ផ្គងជីវភាពគ្រួសារពួកគាត់»។

លោកបានបន្ថែមទៀតថា ផលិតផលទ្រាំងនីមួយៗ ត្រូវបានធ្វើឡើងដោយដៃបូករួមនឹងការប្តេជ្ញាចិត្ត ការផ្ចឹតផ្ចង់ និងការតស៊ូ លើសពីនេះ ទ្រាំងគឺជាខ្លឹមឈើដ៏រឹងមាំ ដូចនេះផលិតផលខ្លះ អ្នកអាចប្រើប្រាស់វារហូតដល់ទៅតកូនតចៅឯណោះ ចំពោះតម្លៃទីផ្សារវិញគឺសមរម្យ។

ជាមួយគ្នានោះដែរ លោកប្រធានសហមគន៍កែច្នៃទ្រាំងសង្កែ បានអំពាវនាវទៅដល់ប្រជាពលរដ្ឋក៏ដូចជាអាជីករខ្មែរទាំងអស់ សូមជួយគាំទ្រនូវផលិតផល ដែលធ្វើដោយដៃពិតៗរបស់សហគមន៍ ក្នុងខេត្តព្រះវិហារ ដើម្បីធ្វើយ៉ាង ណាជួយបង្កើនជីវភាពកសិករផលិត និងចូលរួមជួយអភិរក្សធនធានធម្មជាតិឲ្យបានគង់វង្សផងដែរ៕

ប្រភព៖​ ក្រសួងព័ត៌មាន