សណ្ឋាគារក្នុងប្រទេសថៃ ជាងពាក់កណ្ដាលកំពុងពិចារណាបិទអាជីវកម្មជាបណ្ដោះអាសន្ន ខណៈមួយចំនួនចង់បិទជាអចិន្ត្រៃយ៍
អាជីវកម្ម September 8, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា ៥២% នៃប្រតិបត្តិករសណ្ឋាគារក្នុងប្រទេសថៃ កំពុងពិចារណាបិទជាបណ្តោះអាសន្ន និង ៦% ទៀតចង់បិទជាអចិន្ត្រៃយ៍ ដោយសារតម្រូវការតិច ហើយបើសិនជាជំងឺរាតត្បាតមានរយៈពេលយូរជាងការរំពឹងទុក។

ការស្ទង់មតិរួមគ្នាដោយធនាគារថៃនិងសមាគមសណ្ឋាគារថៃ (THA) បានរកឃើញថា ប្រតិបត្តិករសណ្ឋាគារចំនួន ៦២% មានគម្រោងកាត់បន្ថយថ្លៃដើមលើការជួលបុគ្គលិកដើម្បីដោះស្រាយផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុនៃជំងឺរាតត្បាត។ ជាមួយគ្នានេះដែរ ៦១ ភាគរយបាននិយាយថាពួកគេមានគម្រោងកាត់បន្ថយការចំណាយផ្សេងទៀត។

នៅចន្លោះថ្ងៃទី១៣-២៨ ខែសីហា ធនាគារកណ្តាលនិង THA បានធ្វើការស្ទង់មតិ លើអ្នកឆ្លើយសំណួរចំនួន ២៣៤ នាក់ដែលក្នុងនោះមាន ១៤ នាក់ជាអ្នកធ្វើចត្តាឡីស័ករបស់រដ្ឋ និង ៥ នាក់ទៀតនៅក្នុងមន្ទីរពេទ្យ។ ជាលទ្ធផល ចំនួន ៣៨% នៃអ្នកឆ្លើយសំណួរសរុបក្នុងគំរោង «Phuket Sandbox» បាននិយាយថា ការមកដល់របស់ភ្ញៀវទេសចរបរទេស គឺទាបជាងការរំពឹងទុករបស់ពួកគេប៉ុន្តែ ៣៥% បាននិយាយថា ចំនួននេះគឺដូចការរំពឹងទុក។

ទោះយ៉ាងណា ៥២% នៃអ្នកឆ្លើយតបសណ្ឋាគារនៅ Surat Thani ដែលជាតំបន់អនុវត្តគំរោង «Samui Plus model» បាននិយាយថាពួកគេទទួលបានអ្នកទេសចរតិចជាងការរំពឹងទុកជាមួយនឹងអត្រាស្នាក់នៅជាមធ្យម ៤%។ គួរបញ្ជាក់ផងដែរថា ប្រតិបត្តិករសណ្ឋាគារភាគច្រើនកំពុងជួបប្រទះបញ្ហាប្រាក់ចំណូលទាប ដោយមាន ៥៨% នៃសណ្ឋាគាររាយការណ៍ពីប្រាក់ចំណូលតិចជាង ១០% នៃកម្រិតមុនកូវីដ ខណៈ ១៧% រកបាន ១១-៣០% នៃប្រាក់ចំណូលមុនពេលផ្ទុះឡើង៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost