ពូជមាន់ខ្មៅម៉ុងហ្គោលរបស់កសិដ្ឋាន៤០០ នៅមណ្ឌលគិរី កំពុងមានទីផ្សារល្អ ដោយគ្រាន់តែមេបា ១គូមានតម្លៃរហូតដល់ ៦០ម៉ឺនរៀលឯណោះ
អាជីវកម្ម September 7, 2021 Khmernote

ពូជមាន់ខ្មៅម៉ុងហ្គោលរបស់កសិដ្ឋាន៤០០នៅខេត្តមណ្ឌលគិរី កំពុងមានទីផ្សារល្អ ដោយគ្រាន់តែមេបា មាន់នេះ១គូ តម្លៃរហូតដល់៦០ម៉ឺនរៀលឯណោះ ដែលធ្វើឱ្យអ្នកចិញ្ចឹមអាចរកចំណូលបានច្រើនជាងចិញ្ចឹមមាន់ធម្មតា នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។

លោក ហាច ឆន ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ខ្មៅស្ថិតនៅក្នុង ភូមិអូរណា ឃុំស្រែភ្ជុំ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានប្រាប់វិទ្យុជាតិ កម្ពុជាថា លោកបានចាប់យករបរចិញ្ចឹមមាន់នេះ អស់រយៈពេលជិត៥ឆ្នាំមកហើយ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកផង និងនាំចេញទៅកាន់ រាជធានី ខេត្តផ្សេងៗផង និងមានឈ្មួញខ្លះបានចុះមកទិញដល់កសិដ្ឋានតែម្ដង។

លោកបានបញ្ជាក់ថា សម្រាប់មុខរបរចិញ្ចឹមពូជមាន់ខ្មៅ ជំហានដំបូងកសិករត្រូវមានការយល់ដឹង ច្បាស់ពីបច្ចេកទេសចិញ្ចឹមឱ្យមាន សុវត្ថិភាព ដោយត្រូវសិក្សាស្វែងយល់ពីរបៀបថែទាំ ការឱ្យចំណី ការដាក់ថ្នាំ និងការព្យាបាលឲ្យបានច្បាស់លាស់ ទើបទទួលបានការ លូតលាស់ធំធាត់ល្អ និងបំពេញតម្រូវការទីផ្សារបាន ។

លោកបន្តថា ការចិញ្ចឹមពូជមាន់ខ្មៅមានផលចំណេញច្រើន ដោយអាចលក់ទាំងសាច់ទាំងពង ទទួលបានតម្លៃល្អ ងាយស្រួលរកទីផ្សារ ជាពិសេសសាច់របស់វាមានសារធាតុចិញ្ចឹមច្រើនប្រភេទ ជំនួយដល់សុខភាពអ្នកបរិភោគ ។

«មាន់ម៉ុងហ្គោលហ្នឹងគឺលក់បានថ្លៃហ្នឹងទី១ ទី២ទាក់ទងនឹងមនុស្សគឺ ចូលចិត្ត គិតអំពីសុខភាព ចឹងមាន់ខ្មៅហ្នឹងវាមានសារធាតុ សំខាន់ៗជិត៤០មុខ ដែលជួយឲ្យសុខភាពមនុស្សហ្នឹងរស់បានយូរមានសុខភាពមាំមួន មានកម្លាំង ឬក៏ជួយប្រព័ន្ធរាងកាយ មនុស្សរឹងមាំ បានល្អ ហើយនៅក្នុងរឿងហ្នឹងងទាក់ទងនឹងការចូលចិត្ត ចឹងបងប្អូនយើងតែ គាត់ឃើញអីប្លែកគឺគាត់ចូលចិត្តចិញ្ចឹមហើយ ចឹងបានយើង នាំគ្នាចិញ្ចឹមពូជមាន់ហ្នឹងមុនគេ ដើម្បីបង្ហាញឲ្យបងប្អូនកូនខ្មែរគាត់ងាកមកចិញ្ចឹម មាន់ហ្នឹង គោលបំណងហ្នឹងគឺឱ្យគាត់ចិញ្ចឹមហូបបាន តាមគ្រួសារ បើគាត់ចិញ្ចឹមលក់មិនបានក៏បានហូបដែរ តែបើគាត់ចិញ្ចឹមលក់បានក៏មានតម្លៃខ្ពស់ដែរ»។

លោកបានអំពាវនាវឲ្យប្រជាកសិករដទៃទៀត មុននឹងចង់ចិញ្ចឹមពូជមាន់ខ្មៅគួរតែចិញ្ចឹមមាន់ស្រែឲ្យបានជោគជ័យសិន ដោយសារយើងត្រូវ ស្វែងយល់ពីររបៀបចិញ្ចឹម ការប្រើប្រាស់ថ្នាំ ការព្យាបាលឲ្យបានត្រឹមត្រូវ ដើម្បីកុំឲ្យខុសបច្ចេកទេសធ្វើឱ្យខាតបង់ថវិកា ជាពិសេសសូមឲ្យ ប្រជាពលរដ្ឋទាំងអស់ ជួយគាំទ្រមាន់ក្នុងស្រុក ដើម្បីលើកស្ទួយជីវភាពគ្រួសារ ក៏ដូចជាលើកស្ទួយវិស័យកសិកម្មក្នុងខេត្តមណ្ឌលគិរីផងដែរ ។

សូមបញ្ជាក់ថា កសិដ្ឋាន៤០០ មានទីតាំងស្ថិតនៅក្នុង ភូមិអូរណា ឃុំស្រែភ្ជុំ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលបច្ចុប្បន្នមានចិញ្ចឹម មាន់ខ្មៅពូជម៉ុងហ្គោលជាង៥០០ក្បាល ។សម្រាប់តម្លៃពូជមាន់អាយុ១ខែ ៥០ ០០០រៀល អាយុ២ខែ៨០ ០០០រៀល មេបា១គូ៦០០ ០០០រៀល៕

ប្រភព៖ information