កូវីដថយចុះ ជួយឱ្យបន្លែសុវត្ថិភាព និងបន្លែសរីរាង្គ របស់ខេត្តព្រៃវែង ឡើងថ្លៃវិញខ្លះៗហើយ ក្រោយជួបបញ្ហាទីផ្សារ
អាជីវកម្ម September 6, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានញ្ជាក់ថា បន្លែសុវត្ថិភាព និងបន្លែសរីរាង្គ របស់សហគមន៍បន្លែសុវត្ថិភាព និងសរីរាង្គទួលត្រពាំងស្រស់បំព្រង បានឡើងថ្លៃខ្លះហើយ ក្រោយជួបបញ្ហាទីផ្សារ និងខណៈពេលដែលជំងឺកូវីដ១៩ មានការថយចុះ។

លោក ប្រធានមន្ទីរ បានលើកឡើងបន្ថែមទៀតថា កន្លងមក មានបញ្ហាទីផ្សារបន្តិចដោយសារតែការកើនឡើងនៃជំងឺកូវីដ១៩ ធ្វើឲ្យផ្សារមួយចំនួនត្រូវបានបិទ ហើយចំពោះការលក់ដូរក៏មានការ ផ្អាកខ្លះៗ តែទោះជាយ៉ាងណា បន្លែសុវត្ថិភាព ក៏ដូចជាបន្លែសរីរាង្គរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ ត្រពាំងស្រស់បំព្រងនេះនៅតែដាំជាបន្តបន្ទាប់ និងបន្តចែកចាយ ទោះបីជាតម្លៃធ្លាក់ចុះបន្តិចក៏ពិតមែន។

លោក ប្រធានមន្ទីរ ក៏បានលើកឡើងបន្ថែមទៀតថា ខណៈពេលនេះ បន្លែនៅទីនោះបានឡើងថ្លៃខ្លះៗ ដោយសារជំងឺកូវីដ១៩ ថយចុះច្រើន។ លោក ប្រធានមន្ទីរ បានបន្តទៀតថា ការចងក្រងជាសហគមន៍នេះ គឺមានចំនួន ៦៣ គ្រួសារ ដែលដាំនៅបន្លែចម្រុះមាន ស្ពៃ សាឡាត់ ខាត់ណា ត្រប់ ត្រសក់ ម្ទេស ជាដើម ដែលដាំដុះនៅលើផ្ទៃដីប្រមាណជា ៥ ហិកតា ហើយនៅរដូវប្រាំង ប្រជាពលរដ្ឋគាត់អាចដាំបាន ពី ២០ ទៅ ៣០ ហិកតាបន្ថែមទៀត ចំពោះទួលនេះផងដែលគឺដាំបានខួបប្រាំងខួបវស្សា ដោយមិនមានបញ្ហាទឹកលិចនោះទេគឺអាចផ្គត់ផ្គង់ទីផ្សារពេញមួយឆ្នាំៗតែម្ដង។

គួរជម្រាបផងដែរថា សហគមន៍បន្លែសុវត្ថិភាព និងសរីរាង្គទួលត្រពាំងស្រស់បំព្រង ស្ថិតនៅក្នុងភូមិត្រពាំងប្រស្រែលិច ឃុំគោកគង់លិច ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ដែលជាតំបន់មួយដែលមានសក្ដានុពលក្នុងការដាំដុះបន្លែសុវត្ថិភាព និងបន្លែសរីរាង្គសម្រាប់ផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក ក៏ដូចជាក្នុងខេត្តព្រៃវែង ហើយក៏បានបន្តចែកចាយនៅតាមបណ្ដាលខេត្តមួយចំនួន ហើយបន្លែទាំងអស់នេះបាននិងកំពុង មានតម្លៃថ្លៃបន្តិច ខណៈជំងឺកូវីដ19 មានការថយចុះ៕

ប្រភព៖ ក្រសួងព័ត៌មាន