មួយទៀតហើយ! Philippine Airline កំពុងដាក់ពាក្យក្ស័យធន ដោយសារការបំផ្លាញរបស់ជំងឺកូវីដ-១៩
អាជីវកម្ម September 4, 2021 Khmernote

ក្រុមហ៊ុនអាកាសចរណ៍ Philippine Airlines បាននិយាយនៅថ្ងៃសៅរ៍នេះថា ខ្លួនកំពុងដាក់ពាក្យបណ្ដឹងក្ស័យធននៅសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយបំណុលចំនួន ២ ពាន់លានដុល្លារ ខណៈខ្លួនកំពុងព្យាយាមជួយសង្គ្រោះឧស្សាហកម្មដែលត្រូវបានបំផ្លាញដោយការរីករាលដាលនៃជំងឺកូីវដ-១៩។

ក្រុមហ៊ុនដឹកញ្ជូនរបស់ហ្វីលីពីនមួយនេះបានឱ្យដឹងទៀតថា ការដាក់ឯកសារនេះ នឹងអនុញ្ញាតឱ្យក្រុមហ៊ុនរៀបចំរចនាសម្ព័ន្ធកិច្ចសន្យាឡើងវិញ និងកាត់បន្ថយបំណុលយ៉ាងតិច ២ ពាន់លានដុល្លារ ខណៈទទួលបានដើមទុនថ្មីចំនួន ៦៥៥ លានដុល្លារនៅពេលក្រុមហ៊ុនលេចចេញពីដំណើរការជំពូកទី១១។

ទន្ទឹមនឹងនេះដែរ Philippine Airlines ក៏នឹងកាត់បន្ថយកងនាវារបស់ខ្លួន ២៥% ហើយចរចាឡើងវិញនូវកិច្ចសន្យាដើម្បីកាត់បន្ថយការទូទាត់ថ្លៃជួល។ អនុប្រធានជាន់ខ្ពស់ និងជាប្រធានហិរញ្ញវត្ថុលោក Nilo Thaddeus Rodriguez បាននិយាយនៅក្នុងសារវីដេអូមួយថា៖ “ ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន នឹងបន្តប្រតិបត្តិការជាធម្មតា ខណៈបញ្ចប់ការរៀបចំរចនាសម្ព័ន្ធបណ្តាញកងនាវា និងអង្គភាពរបស់យើងឡើងវិញ”។

ជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលសម្រេចបានជាមួយអ្នកផ្គត់ផ្គង់ អ្នកផ្តល់ប្រាក់កម្ចី និងអ្នកជួល លោក Rodriguez បាននិយាយថា Philippine Airlines នឹងធានា ៥០៥ លានដុល្លារ ដើម្បីអនុវត្តផែនការស្តារឡើងវិញ ដោយប្រាក់នេះនឹងបម្លែងទៅជាភាគហ៊ុនរបស់ក្រុមហ៊ុនអាកាសចរណ៍ និងបំណុលរយៈពេលវែង។ លោកបន្ថែមថា ក្រុមហ៊ុនក៏នឹងទទួលបានមូលនិធិបំណុលចំនួន ១៥០ លានដុល្លារផ្សេងទៀត បន្ទាប់ពីលេចចេញពីដំណើរការរៀបចំរចនាសម្ព័ន្ធឡើងវិញ ក្នុងរយៈពេលពីរបីខែទៀត។

គួរបញ្ចាក់ផងដែរថា បរិមាណនៃការធ្វើដំណើរតាមអាកាសរបស់ Philippine Airlines បានធ្លាក់ចុះ ៧៥% ពីអ្នកដំណើរប្រមាណ ៣០ លាននាក់ក្នុងឆ្នាំ ២០១៩ មកត្រឹម ៧ លាននាក់កាលពីឆ្នាំមុន ដោយសារតែការរឹតត្បិតជំងឺរាតត្បាត។ ក្រុមហ៊ុនអាកាសចរណ៍នេះបានលុបចោលជើងហោះហើរជាង ៨០,០០០ ដែលខាតបង់ប្រាក់ចំណូលចំនួន ២ ពាន់លានដុល្លារ និងបាត់បង់បុគ្គលិកចំនួន ២,៣០០ នាក់ នេះបើយោងតាម លោកស្រី Gilbert Santa Maria ប្រធានក្រុមហ៊ុន Philippine Airlines៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost