ក្រសួងសុខាភិបាលថៃ មិនអនុញ្ញាតឱ្យអាជីវកម្មដ៏ល្បី ២ប្រភេទ បើកឡើងវិញឡើយ ខណៈអាជីវកម្មជាច្រើនទៀតបានចាប់ផ្ដើមដំណើរការឡើងវិញបណ្ដើរៗហើយ
អាជីវកម្ម September 3, 2021 Khmernote

ក្រសួងសុខាភិបាលថៃ នាថ្ងៃសុក្រនេះបានឱ្យដឹងថា ហាងអាហារប៊ូហ្វេ និងសាច់អាំង ដែលជាអាជីវកម្មដ៏ល្បីមួយប្រចាំប្រទេសថៃ នៅតែត្រូវបានហាមឃាត់មិនឱ្យបម្រើអាហារពេលល្ងាច ស្របតាមការរឹតត្បិតជំងឺកូវីដ-១៩ របស់​ក្រសួង។ លោកវេជ្ជបណ្ឌិត Suwanchai Wattanayingcharoenchai អគ្គនាយកនៃក្រសួងសុខាភិបាល បានប្រកាសពីគោលការណ៍ណែនាំសម្រាប់ភោជនីយដ្ឋាន ដែលបានកំណត់ដោយមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ Covid-19 នៅក្នុងសន្និសីទសារព័ត៌មានរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃសុក្រ។

ក្នុងនោះភោជនីយដ្ឋានដែលបើកបំរើសេវាកម្មអាហារពេលល្ងាចគឺត្រូវ៖

•កំចាត់មេរោគលើតុភ្លាមៗបន្ទាប់ពីប្រើប្រាស់រួច

•សម្លាប់មេរោគលើតំបន់ និងបង្គន់ដែលបានប៉ះពាល់រៀងរាល់មួយ ឬ ពីរម៉ោងម្ដង

•មិនអនុញ្ញាតឱ្យមានការចែករំលែកអាហារ ឬផ្លាស់ប្ដូរចានគ្នា

•ការបម្រើខ្លួនឯងក្នុងទម្រង់ជាអាហារប៊ូហ្វេ ឬសាច់អាំងមិនត្រូវបានអនុញ្ញាតឡើយ

•តុនីមួយៗត្រូវមានដបជែលសម្រាប់លាងសម្អាត

•តុត្រូវទុកនៅចន្លោះពី ១ ទៅ ២ ម៉ែត្រ។

•តុនៅក្នុងភោជនីយដ្ឋានដែលមានម៉ាស៊ីនត្រជាក់ត្រូវរក្សាចម្ងាយពីគ្នា ២ ម៉ែត្ រហើយមិនអនុញ្ញាតឱ្យអ្នកទទួលទានអាហារអង្គុយទល់មុខគ្នាឡើយ។

•ភោជនីយដ្ឋានដែលបំពាក់ដោយម៉ាស៊ីនត្រជាក់អាចបំពេញបានតែ ៥០ ភាគរយនៃចំណុះសរុបប៉ុណ្ណោះ ខណៈដែលហាងអាហារវាលចំហរ អាចផ្ទុកបាន ៧៥%។ ហើយអាហារពេលល្ងាច មិនត្រូវបានអនុញ្ញាតឱ្យចំណាយពេលលើសពីមួយម៉ោងនៅក្នុងភោជនីយដ្ឋានទេ។

•បរិវេណត្រូវតែបើកចំហរចោលយ៉ាងហោចណាស់ ៣០ នាទីមុនពេលបើកម៉ាស៊ីនត្រជាក់ ហើយតំបន់នោះត្រូវមានខ្យល់ចេញចូលរៀងរាល់១ម៉ោងម្ដង ខណៈបន្ទប់ទឹកក៏គួរតែមានប្រព័ន្ធខ្យល់ចេញចូលបានល្អដែរ។

•ហាងលក់អាហារ និងភេសជ្ជៈទាំងអស់ត្រូវបិទត្រឹមម៉ោង ៨ យប់ ហើយការទទួលទានគ្រឿងស្រវឹងនៅក្នុងភោជនីយដ្ឋានត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹង។

•ការរឹតបន្តឹងដូចគ្នាអនុវត្តចំពោះភោជនីយដ្ឋាននៅក្នុងផ្សារទំនើប ឬគ្រឹះស្ថានស្រដៀងគ្នា។

គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ របស់ប្រទេសថៃនាពេលថ្មីៗនេះ បានអនុញ្ញាតឱ្យអាជីវកម្មជាច្រើនបើកដំណើរការឡើងវិញ ដើម្បីឱ្យប្រជាជនអាចស្តារជីវិតរស់នៅធម្មតារបស់ពួកគេតាមដែលអាចធ្វើទៅបាន៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand