កុំច្រលំទុរេននាំចូល! ទុរេនតំបន់អូសោមខេត្តពោធិ៍សាត់ អាចប្រមូលផលចន្លោះខែ៨និងខែ៩ ខុសគ្នាពីទុរេនខេត្តដទៃទៀត ​​
អាជីវកម្ម September 2, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា ដំណាំទុរេននៅតំបន់អូសោម ខេត្តពោធិ៍សាត់ អាចប្រមូលផលបានពីចន្លោះខែសីហា និងខែកញ្ញា ដែលមានភាពខុសគ្នាពីទុរេន ខេត្តដទៃទៀត ដោយសារតំបន់នេះត្រជាក់មានភ្លៀងធ្លាក់ជាប្រចាំ។ លោកសុំ សុជាតិ ម្ចាស់ចម្ការបៃតង នៅក្នុងភូមិអូសោម ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកបានចាប់យករបរដាំទុរេននេះអស់រយៈពេលជិត ១០ឆ្នាំមកហើយ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកផង និងនាំចេញទៅកាន់រាជធានី ខេត្តផ្សេងៗផងដែរ ។

លោកបានបន្ថែមថា ទុរេនអូសោមនេះ គឺខុសពីទុរេនខេត្តដទៃទៀត ដោយសារនៅតំបន់អូសោមមានភ្លៀងធ្លាក់ជាប្រចាំ ទើបធ្វើឱ្យមានការលំបាកក្នុងការថែទាំ និងប្រមូលផលយឺតជាងខេត្តដទៃទៀត ប៉ុន្តែទោះបីជាមានបញ្ហារឿងអាកាសធាតុយ៉ាងណា ក៏ដោយ ក៏រសជាតិនៅតែរក្សាបានភាពឈ្ងុយឆ្ងាញ់ដដែល។

លោកបន្តថា ទុរេនអូសោមនេះ វាគឺជាប្រភេទដំណាំធម្មជាតិ មិនមានប្រើប្រាស់ជីគីមី ហើយវាមិនរើសប្រភេទដីសម្រាប់ដាំនោះទេ ប៉ុន្តែត្រូវប្រើរយៈពេលដាំពី ៤ទៅ ៥ឆ្នាំទើបទទួលផលបាន។ លោកបានបញ្ជាក់ថា សម្រាប់ប្រជាកសិករដែលមានបំណងចង់ចេះ ចង់រៀន ពីបច្ចេកទេសដាំទុរេនឱ្យទទួលបានផលល្អ អាចមករៀនដល់ចម្ការតែម្ដងដោយមិនមានអស់ថវិកាអ្វីឡើយ។

“ខ្ញុំចង់ផ្ដាំផ្ញើទៅអតិថិជនប្រជាពលរដ្ឋ ដែលគាត់ទើបតែដាំឬដាំទុរេនធំៗ ទើបតែប្រមូលផល ហើយឱកាសហុចឱ្យហើយ ព្រោះទឹកដីខ្មែរយើងជាទឹកដីសុវណ្ណភូមិ បើគាត់អត់ចេះគាត់គួរតែសួរគេអ្នកចេះអ្នកដឹង ហើយសួរកន្លែងណាដែលមិនអស់លុយ ហើយឱ្យគេផ្ដល់បទពិសោធន៍ធ្វើជីធ្វើថ្នាំ ហើយខ្ញុំក៏អាចផ្ដល់បទពិសោធន៍បានដែរ បើសិនជាមកដល់ចម្ការតែម្ដង ក៏បានព្រោះខ្ញុំមានក្រុម ការងារដែលយល់ច្បាស់ពីបច្ចេកទេសដាំទុរេន”។

លោកបានអំពាវនាវទៅដល់ប្រជាពលរដ្ឋ សូមកុំយល់ច្រឡំថាទុរេនដែលនាំចេញពីខេត្តពោធិ៍សាត់លក់នៅលើទីផ្សារបច្ចុប្បន្ន ជាផលិតផល នាំចូល ពីព្រោះដោយសារតែតំបន់អូសោមគឺមានអាកាសធាតុខុសពីខេត្តដទៃទៀត ដូច្នេះទុរេនដែលដាំដុះនៅតំបន់អូសោមគឺប្រមូលផល ក្រោយគេ ។ សូមបញ្ជាក់ថា លោកបានចាប់យកការធ្វើកសិកម្មដាំផ្លែទុរេននេះ អស់រយៈពេលជិត ១០ឆ្នាំមកហើយ លើផ្ទៃដី១ហិកតា ស្មើ៥៣ដើម និងអាចប្រមូលផលបាន ១៦តោន ដែលលក់ក្នុងតម្លៃបោះដុំ១គីឡូក្រាម ១៤០០០រៀល និងលក់រាយ១៦០០០រៀល ៕

ប្រភព៖ ក្រសួងព័ត៌មាន